ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៖ ពលរដ្ឋទូទាំងប្រទេស មានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ផ្ទះ ប្រមាណជាង ៩៥%
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី មន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងគណៈប្រតិភូ អមគណៈអធិបតីក្រសួង និងលោក លោកស្រី តាមបណ្ដាមន្ទីរជុំវិញខេត្តជាច្រើននាក់។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការជួយឧបត្ថម្ភគាំទ្រ ពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំប្រមូលផ្តុំនូវគំនិតស្មារតី ធ្វើការដឹកនាំអភិវឌ្ឍន៍ខេត្ត ឲ្យរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន នាឱកាសនេះ ពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្ត និយាយជារួម និងដោយឡែក ចំពោះវិស័យរ៉ែ និងថាមពល ដែលជាមូលដ្ឋានគ្រឹះមួយ ក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍជាអន្តរវិស័យ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា វិស័យរ៉ែ និងថាមពល និងប្រេងកាត ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះមន្ទីររ៉ែ និងថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ទៅតាមច្បាប់ដែលបានកំណត់។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់មន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ដែលធ្វើការងារអស់កម្លាំងកាយចិត្ត និងអនុវត្តតាមគោលការណ៍បែបបទរបស់ក្រសួងដាក់ជូនយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ និងចូលរួមថែរក្សាអគារឲ្យស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ។ ក្នុងនោះ ត្រូវសហការចូលរួមដឹកនាំគ្រប់គ្រងវិស័យរ៉ែ និងថាមពល ឲ្យបានល្អប្រសើរផងដែរ។

បើតាមរបាយការណ៍របស់លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន ឲ្យដឹងថា អគាររដ្ឋបាលថ្មី នៃមន្ទីររ៉ែ និងថាមពល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានបញ្ចប់ការសាងសង់ ១០០% កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១។ ប្រើរយៈពេលសាងសង់ចំនួន ៥ ខែ ១៩ ថ្ងៃ គឺមានទំហំ ២០ ម៉ែត្រ x ១០ ម៉ែត្រ,កម្ពស់ ២ ជាន់, ក្នុងនោះជាន់ក្រោម ៧ បន្ទប់ មានបន្ទប់ទឹកចំនួន ២, ជាន់លើ ៣ បន្ទប់ (សាលប្រជុំ ១) និងបន្ទប់ទឹក ២ និងបានបំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារិមសម្រាប់បំពេញការងាររួចរាល់៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


