Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនលើស ៦០នាក់ ដោយសារព្យុះព្រិលដ៏សាហាវនៅ អាមេរិក

បានផុស

នៅ

គ្រាន់តែនៅក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉ក ចំនួនមនុស្សស្លាប់ បានកើនឡើងដល់២៧នាក់ទៅហើយ ខណៈមនុស្សរាប់ពាន់នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ចំពេលព្យុះព្រិលដ៏សាហាវ បានវាយប្រហារតំបន់អាមេរិកខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតទូទាំងសហរដ្ឋអាមេរិកវិញ មនុស្សចំនួន៦២នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុ។

ក្នុងទីក្រុង Buffalo មន្ត្រីរដ្ឋបាននិយាយថា យោធាកំពុងត្រូវបានដាក់ពង្រាយដើម្បីជួយគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុង ខណៈបម្រាមបើកបរនៅតែអនុវត្ត។

ព្យុះរដូវរងា ក៏បានបង្ខំឲ្យលុបចោលជើងហោះហើររាប់ពាន់ជើង រួមទាំងប្រហែល ៤៨០០ជើង ត្រឹមមួយព្រឹកថ្ងៃពុធនេះផងដែរ។ អ្នកដំណើររាប់ពាន់នាក់ ត្រូវជាប់គាំងនៅតាមអាកាសយានដ្ឋានទូទាំងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវ ស្ថានភាពហាក់ល្អប្រសើរឡើងបន្តិច ដោយមានការធ្លាក់ព្រិលតិចតួចនៅថ្ងៃពុធ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ មន្ត្រីនៅតំបន់ Erie នៃរដ្ឋញូវយ៉ក បាននិយាយថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ស្របពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

មនុស្សជាង ៤០០០នាក់ក្នុងតំបន់នេះ នៅតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះព្រិល។ មន្ត្រីចំនួន១០០នាក់ និងប៉ូលិសរដ្ឋបន្ថែមទៀត កំពុងត្រូវបានដាក់ពង្រាយ ដើម្បីជួយគ្រប់គ្រងចរាចរណ៍នៅក្នុងតំបន់។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានយល់ព្រមឲ្យប្រកាសអាសន្ន ដែលអនុញ្ញាតឲ្យមានការគាំទ្ររបស់សហព័ន្ធសម្រាប់រដ្ឋញូវយ៉ក។

រដ្ឋ New Jersey ក៏បានបញ្ជូនសេវាសង្គ្រោះបន្ទាន់ទៅកាន់រដ្ឋញូវយ៉កផងដែរ ដើម្បីផ្តល់ជំនួយបន្ថែម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ព្យុះព្រិលដ៏សាហាវនៅអាមេរិក សម្លាប់មនុស្សកើនដល់ ៥៧នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម