Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍ រៀបចំ​ដោយ​នាយករដ្ឋមន្ត្រី​ឡាវ

បានផុស

នៅ

នៅ​រាត្រី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២៣ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយភោជន៍ ដែល​រៀបចំ​ដោយ​ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ពិធី​លៀង​សាយភោជន៍​ពេល​រាត្រី​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​មេគង្គ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី​៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ នៃ​បណ្តា​ប្រទេស​មេគង្គ ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​ពី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រី​ឡាវ មុន​ពិធី​លៀង​សាយភោជន៍​ពេល​រាត្រី​ចាប់ផ្តើម​។

ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​លៀង​សាយភោជន៍​ពេល​រាត្រី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រី​ឡាវ មានប្រសាសន៍ថា ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ឯកឧត្តម​សូម​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ជូន​ចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មេគង្គ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​របស់ គណៈកម្មការ​ទន្លេមេគង្គ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី​៤ នៅ​រដ្ឋធានី​វៀង​ច័ន្ទ​ដ៏​ស្រស់បំព្រង​។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ មានប្រសាសន៍​បន្តថា កិច្ចប្រជុំ​របស់​យើង​នៅ​ថ្ងៃទី​៥​មេសា​ស្អែក គឺ​ពិត​មានតម្លៃ​ខ្លាំងណាស់ ដើម្បី​ពិនិត្យឡើងវិញ​អំពី​វឌ្ឍនភាព និង​សមិទ្ធផល​សំខាន់ៗ ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រេចបាន តាមរយៈ​ការ​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ​ឆ្ពោះទៅ​សម្រេចបាន នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​កម្ពុជា​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ចាត់ទុកថា កិច្ចប្រជុំ​របស់​យើង​ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ដែល​កំពុង​កើតមាន​នៅក្នុង​អាង​ទន្លេ​មេគង្គ និង​កំណត់​ទិសដៅ​យុទ្ធសាស្ត្រ​នា​ពេល​អនាគត ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេ​មេគង្គ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ព្រមទាំង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ក្នុង​តំបន់ សម្រាប់​ចីរភាព​ទន្លេមេគង្គ​។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ជូន​សម្តេច ឯកឧត្តម លោកជំទាវ សូម​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា ក្នុង​ឱកាស​នៃ​ការស្នាក់អាស្រ័យ​នៅ​រដ្ឋធានី​វៀងចន្ទន៍ ពិសេស​ការចូលរួម​ពិភាក្សាគ្នា​លើ មូលបទ នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​អាង​ទន្លេមេគង្គ ដែលមាន​សន្តិសុខ​ទឹក ប្រកបដោយ​ចីរភាព ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី​៤ ដើម្បី​បម្រើ​ឲ្យ​ឧ​ត្ត​ម​ប្រយោជន៍​រួម នៃ​បណ្តា​ប្រទេស​មេគង្គ ពិសេស​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំងអស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម