ព័ត៌មានជាតិ
លោក សាម អ៊ីន រៀនចប់បណ្ឌិតវិទ្យាសាស្រ្ដព្រៃឈើពីអាឡឺម៉ង់ ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន
លោកបណ្ឌិត សាម អ៊ីន នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខាងក្រោមនេះ ជាប្រវត្តិសង្ខេបខ្លះៗរបស់លោកបណ្ឌិត សាម អ៊ីន ៖

លោកបណ្ឌិត សាម អ៊ីន កើតនៅឆ្នាំ ១៩៧២ នៅឃុំរការ ស្រុកពារាំង ខេត្តព្រវែង។ ឪពុករបស់លោក មានឈ្មោះ សាម សៀ មានស្រុកកំណើតនៅខេត្តព្រៃវែង និងម្ដាយឈ្មោះ ហ៊ួយ ហ៊ុន មានស្រុកកំណើតនៅខេត្តព្រៃវែង ដូចគ្នា។ ភរិយារបស់លោក សាម អ៊ីន មានឈ្មោះ ថាយ សុលក្ខណ៍ អាយុ ៤៤ឆ្នាំ មានមុខរបរជាអ្នករកស៊ី។
នៅឆ្នាំ ២០០២ លោក សាម អ៊ីន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្ដព្រៃឈើ ពីប្រទេសអាឡឺម៉ង់។ ក្រោយ ពីចប់ថ្នាក់បណ្ឌិត លោកបានចូលបម្រើការងារជាប្រធានកម្មវិធី និងអនុប្រធានប្រចាំប្រទេស នៅអង្គការលូថេរ៉ានបម្រើពិភពលោក ប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០។
ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ លោកបានបម្រើការងារជានាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ។ ស្របពេលនោះដែរ នៅឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ លោកបណ្ឌិត ក៏ធ្វើការងារជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការម្លប់បៃតង ស៊ីស៊ីស៊ី និងឌីភីអេ។
ក្រោយមកចាប់ពីឆ្នាំ ២០១៥ លោកបានប្រឡូកក្នុងឆាកនយោបាយ ដោយមានតួនាទីជាអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងនៅឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣នេះ ជាប្រធានគណៈកម្មាធិការនាយកស្ដីទី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
កាលពីឆ្នាំ ២០១៣កន្លងទៅនេះដែរ លោក សាម អ៊ីន ធ្លាប់ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំអាស៊ាន លើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ផ្ដល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន។
សូមជម្រាបថា លោកបណ្ឌិត សាម អ៊ីន បានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក (ស្តីទី) និងពីសមាជិកភាពគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាផ្លូវការ។ ការលាឈប់នេះ មានសុពលភាពចាប់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣តទៅ។
កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ លោកបណ្ឌិត សាម អ៊ីន បានសរសេរលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត សាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះដែរ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឲ្យស្របតាមជំនាញដែលលោកមាន និងអាចធ្វើបាន។
ក្រោយទទួលបានការស្វាគមន៍ភ្លាមៗ លោកបណ្ឌិត សាម អ៊ីន តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានបង្ហាញក្ដីរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួងបរិស្ថាន ឲ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។ ជាមួយគ្នានេះ លោកបណ្ឌិត សាម អ៊ីន យល់ឃើញថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឲ្យទឹកសមុទ្រខូចគុណភាពទេ។
លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា មូលហេតុដែលលោកចង់បម្រើការងារនៅក្រសួងបរិស្ថាន ពីព្រោះតែលោកធ្លាប់បានរៀនសូត្រអំពីវិទ្យាសាស្រ្ដព្រៃឈើ ហើយអ្វីដែលលោកធ្លាប់បានសិក្សាកន្លងមក គឺថា ព្រៃឈើនៅកម្ពុជាចំនួន ៧.៥លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកបញ្ជាក់ថា ដូច្នេះហើយ ប្រសិនបើលោកចូលបម្រើការងារនៅក្រសួងបរិស្ថាននោះ លោកនឹងអាចប្រើប្រាស់ចំណេះជំនាញរបស់លោក ជួយរាជរដ្ឋាភិបាលបានច្រើន។ ម្យ៉ាងទៀត លោកបណ្ឌិត ក៏ជាមនុស្សចូលចិត្តធ្វើការងារ ជាមួយនឹងធម្មជាតិផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


