ព័ត៌មានអន្ដរជាតិ
ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក
កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បាននាំមនុស្សចំនួន៥នាក់ ចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

ក្នុងចំណោមអ្នកទាំង៥ មានម្នាក់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្ទាល់និងជាអ្នកបញ្ជាយាន ខណៈ៤នាក់ទៀតគឺជាទេសចរដែលចំណាយថ្លៃសំបុត្រម្នាក់ ២៥ម៉ឺនដុល្លារ។
ជាអកុសល យានដែលពួកគេជិះ ត្រូវបានឆ្មាំសមុទ្រអាមេរិកអះអាងថា ផ្ទុះនៅក្នុងមហាសមុទ្រទឹកជ្រៅ ខណៈបំណែកមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។
គ្មានអ្នកណានៅរស់នៅឡើយ ហើយក្រុមអ្នកជំនាញគូសបញ្ជាក់ថា សពរបស់ពួកគេ ក៏ប្រហែលជាគ្មានថ្ងៃរកឃើញដែរ។
យោងតាមការចុះផ្សាយរបស់ Daily Mail, កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលជំរុញឲ្យអ្នកទេសចរចុះទៅបាតមហាសមុទ្រគឺដោយសារតែ ពួកគេចង់ឃើញផ្ទាល់ភ្នែកនូវកំណប់មហាសាល និងរបស់មានតម្លៃ ដែលលាក់នៅក្នុងខ្មោចកប៉ាល់ទីតានិក ព្រោះពីមុនធ្លាប់តែឮគេនិយាយ។
អ៊ីចឹង តើកំណប់ទាំងនោះមានអ្វីខ្លះ? តស់ទៅដឹងទាំងអស់គ្នា៖
១. ខ្សែ ក ធ្វើពីធ្មេញត្រីឆ្លាម Megalodon ស្រោបមាស

គ្រឿងអលង្ការនេះ ធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ដែលជាពពួកត្រីឆ្លាមមានទំហំធំបំផុតប៉ុន្តែដាច់ពូជអស់ទៅហើយ។
តាមការប៉ាន់ស្មានរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ត្រីឆ្លាមប្រភេទនេះ អាចមានប្រវែងដល់ទៅ១៨ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែកំពុងព្យាយាមរកឲ្យឃើញថាតើ ម្ចាស់ខ្សែ ក នេះ ជានរណា?
២. ព្យាណូរបស់ក្រុមហ៊ុន Steinway

Steinway & Sons ជាក្រុមហ៊ុនដែលលក់ព្យាណូតម្លៃថ្លៃបំផុតរបស់ពិភពលោក អស់រយៈពេលប្រហែល១៧០ឆ្នាំមកហើយ។
ជាមួយនឹងតម្លៃខ្ទង់លានដុល្លារ, ព្យាណូទាំងនេះគឺជាកម្មសិទ្ធិរបស់ក្រុមតារាល្បីៗជំនាន់សតវត្សរ៍ទី២០ ដូចជា Arthur Rubinstein និង Billy Joel ជាដើម។
ប៉ុន្តែក្រុមហ៊ុន Steinways ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះនៃសោកនាដកម្មទីតានិកផងដែរ ដោយបានបាត់បង់ព្យាណូចំនួនប្រាំ នៅថ្ងៃលិចកប៉ាល់ក្នុងឆ្នាំ១៩១២។
៣. ផ្ទាំងគំនូរ La Circassienne au Bain

គំនូរឆ្នាំ១៨១៤ ឈ្មោះថា “La Circassienne au Bain” ត្រូវបានគេជឿថា ជាវត្ថុមានតម្លៃថ្លៃបំផុតមួយ ដែលជាប់នៅជាមួយកប៉ាល់ទីតានិក។
គូរដោយវិចិត្រករជនជាតិបារាំង Merry-Joseph Blondel, ស្នាដៃសិល្បៈដ៏អស្ចារ្យនេះ បានបង្ហាញពីនារីអាក្រាតកាយវ័យក្មេងម្នាក់ កំពុងងូតទឹកក្នុងបរិយាកាសសម័យបុរាណ។
កាលនោះ គំនូរនេះមានតម្លៃ១០ម៉ឺនដុល្លារ ពោលគឺស្មើនឹង ៣លានដុល្លារនាពេលបច្ចុប្បន្ន។
៤. ពេជ្រផ្កាឈូក

នៅថ្ងៃទី១៦ខែមករាឆ្នាំ១៩១៣ កាសែត New York Times បានអះអាងថា អ្នកនៅរស់រានមានជីវិតក្នុងសោកនាដកម្មលិចកប៉ាល់ទីតានិក បានទាមទារសំណង៦លានដុល្លារ សម្រាប់ទ្រព្យសម្បត្តិដែលពួកគេបាត់បង់។
ក្នុងចំណោមនោះ មានត្បូងពេជ្រពណ៌ផ្កាឈូកតម្លៃ២០០០០ដុល្លារ។ ត្បូងទាំងនោះ គឺកម្រមានណាស់ ហើយក្នុងករណីខ្លះនាពេលសព្វថ្ងៃនេះ វាអាចលក់បានក្នុងតម្លៃរហូតដល់៥០លានដុល្លារឯណោះ។
ត្បូងដែលមានទំហំចាប់ពី៧ដល់១៦ការ៉ាត់ទាំងនោះ គឺជាកម្មសិទ្ធិរបស់សេដ្ឋីនី Charlotte M Cardeza រស់នៅក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក។
៥. រថយន្ត Coupe de Ville របស់ក្រុមហ៊ុន Renault

បើអ្នកបានទស្សនាខ្សែភាពយន្តទីតានិក នោះអ្នកប្រហែលជាអាចស្គាល់រថយន្តម៉ាក Renault ឆ្នាំ១៩១២ ដែលជាវត្ថុបុរាណមួយទៀត លិចទៅជាមួយកប៉ាល់។
សារមន្ទីរ Volvo ក្នុងរដ្ឋ Illinois ជឿថា រថយន្តនេះ ត្រូវបាននាំឡើងកប៉ាល់ ដោយបុរសម្នាក់ឈ្មោះ William Carter ជាអ្នករួចជីវិតពីសោកនាដកម្ម ហើយបានទាមទារសំណង។
មកដល់ពេលនេះ វាគឺជារថយន្តតែមួយគ្រឿងគត់ ដែលគេដឹងថា បានជិះលើកប៉ាល់ប្រវត្តិសាស្ត្រពេលវាលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមសង្គ្រោះកំពុងឆ្ងល់ថា សំឡេងគោះដ៏អាថ៌កំបាំងនៅបាតសមុទ្រ រៀងរាល់៣០នាទីម្តង ចេញមកពីណា?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


