Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អរគុណ មេ​ដឹក​នាំ​ចំនួន​៣​ប្រទេស ដែល​ទូរសព្ទ និង​ផ្ញើសារ​ជូនពរ​សម្តេច ក្នុង​ឱកាស​គណបក្សប្រជាជន​កម្ពុជា ទទួល​បាន​ជ័យជំនះ ក្នុង​ការ​បោះឆ្នោត

បានផុស

នៅ

ភ្នំពេញ ៖ នាយប់​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរគុណ ចំពោះមេដឹកនាំចំនួន៣ប្រទេស នោះគឺប្រទេសវៀតណាម, ប្រទេសឡាវ, និងប្រទេសចិន ដែលបាន​ទូរសព្ទ​និងផ្ញើសារ​ជូនពរ​សម្ដេច​ ក្នុង​ឱកាស​ដែល​គណបក្សប្រជាជន​កម្ពុជា​ ទទួលបាន​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ អាណត្តិទី៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានសរសេរ​តាម​បណ្ដាញទំនាក់ទំនងសង្គម Twitter ថា “ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែល​បាន​ហៅទូរស័ព្ទ មកជូនពរខ្ញុំ កាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣”។

សម្ដេចបានសរសេរបន្តថា “ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរសព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់​ពី​កម្ពុជា​ចាត់​តាំង​ការ​បោះឆ្នោត​បាន​ល្អ​ជា​មួយ​ និង​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ “ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត​ចិន ដែល​ផ្ញើសារលិខិត​មក​ជូនពរ​ខ្ញុំ​ក៏​ដូច​ជា​គណបក្សប្រជាជន

សម្រាប់​ជោគជ័យ​នៃការបោះឆ្នោត”។

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា “គ.ជ.ប” បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ បានចេញទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។ គ.ជ.ប បន្ត​ថា ជាទូទៅការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម