ព័ត៌មានជាតិ
ខេត្តកែប ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តទី៦ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
កែប ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកែបជាខេត្តទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះដែរ មានប្រតិភូអមដំណើរ ភាគីពាក់ព័ន្ធ និងយុវជន ចូលរួមប្រមាណជាង៤០០នាក់ផ្សេងទៀត។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងឱ្យដឹងថា ថ្ងៃនេះខេត្តកែបត្រូវបានប្រកាសទទួលស្គាល់ជាខេត្តទី៦ បានបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល ការសម្រេចបាននេះ មានន័យថាគ្រប់ខ្នងផ្ទះទាំងអស់របស់ពលរដ្ឋ មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យរួមគ្នាប្រើប្រាស់។

លទ្ធផលនេះ បានបញ្ជាក់ពីផលវិជ្ជមានច្រើន សម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសវិស័យទេសចរណ៍របស់ខេត្តកែបទាំងមូល ដែលកន្លងទៅខេត្តត្រូវបាន គេប្រសិទ្ធនាមជា តារារះនាទិសនិរតី ជាខេត្តដែលតែងតែទទួលបាននូវជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់នូវទស្សនវិស័យ និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព” ដែលទស្សនៈវិស័យនេះ មានភាពស៊ីគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បន្តថា ថ្ងៃនេះយើងពិតជាមានមោទនភាព ដែលបានប្រកាសទទួលស្គាល់ ខេត្តកែបជាខេត្តទី៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

លទ្ធផលដែលទទួលបាននាពេលនេះ ប្រាកដណាស់បានឆ្លុះបញ្ចាំងពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យបានកើនដល់ជាង ៨០% ដោយឡែកចំពោះការសម្រេចបាន ODF គិតត្រឹមត្រីមាសទី១ឆ្នាំ ២០២៣ មានភូមិចំនួន ៧,០៥៩ ឃុំចំនួន ៥៤៥ ស្រុកចំនួន ៤៦ និងខេត្ត ODF ចំនួន៦ហើយ រួមទាំងខេត្តកែប ដែលសម្រេចបានជាខេត្ត ODF។

ហើយក្រសួងបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយបានកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅត្រឹមឆ្នាំ២០២៣៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


