ព័ត៌មានជាតិ
តើឥស្សរជនណាខ្លះ ដែលជាប់ឆ្នោតជាសមាជិករដ្ឋសភា ៧អាណត្តិជាប់ៗគ្នា?
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោល គឺនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមាជិករដ្ឋសភា នីតិកាលទី៧ នឹងត្រូវប្រកាសសុពលភាពចូលកាន់តំណែងជាផ្លូវការ។ ក្នុងនោះ គេសង្កេតឃើញថា ឥស្សរជនចំនួន៩រូប របស់គណបក្សប្រជាជនកម្ពុជា បានបន្តជាប់ឆ្នោតជាសមាជិករដ្ឋសភា ៧អាណត្តិជាប់ៗគ្នា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា។

ឥស្សរជនទាំង៩រូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិករដ្ឋសភា ៧អាណត្តិជាប់ៗគ្នា រួមមាន៖
១/ សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបាននាំឱ្យកម្ពុជាមានសុខសន្តិភាព ការបង្រួបបង្រួមជាតិ រហូតឈានដល់ការរៀបចំបោះឆ្នោតជាសកល លើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣។ តាមរយៈការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលជានីតិកាលទី១ នៃរដ្ឋសភា សម្ដេចតេជោ ហ៊ុន បានជាប់ឆ្នោតជាសមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម និងជាសហនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។
ចាប់ពីនីតិកាលទី២ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានប្ដូរមកឈរឈ្មោះនៅមណ្ឌលខេត្តកណ្ដាល ហើយក៏បានបន្តជាប់ឆ្នោតជាសមាជិករដ្ឋសភា រហូតដល់នីតិកាលទី៧ ឆ្នាំ ២០២៣នេះ បើទោះបីជាអាណត្តិនេះ សម្ដេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ។

២/ សម្ដេចពញាចក្រី ហេង សំរិន
សម្ដេចពញាចក្រី ហេង សំរិន ជាតំណាងរាស្ត្រក្នុងរដ្ឋសភាមានវ័យច្រើនជាងគេ សម្រាប់នីតិកាលទី៧នេះ ខណៈដែលការបន្តជាប់ឆ្នោតពេលនេះ បាននាំឱ្យសម្ដេច ហេង សំរិន ក្លាយជាតំណាងរាស្ត្រ ៧អាណត្តិជាប់ៗគ្នា។ ៧អាណត្តិមក នេះ សម្ដេច ហេង សំរិន ធ្លាប់បានជាប់ជាតំណាងរាស្ត្រនៅខេត្តចំនួន៣ គឺតំណាងរាស្ត្រខេត្តកណ្ដាល ក្នុងនីតិកាលទី១ ហើយក្រោយមក ក្នុងនីតិកាលទី២ សម្ដេចជាតំណាងរាស្ត្រខេត្តកំពង់ចាម រហូដល់នីតិកាលទី៦ និងទី៧នេះ ជាប់ឆ្នោតជាសំណាងរាស្រ្តខេត្តត្បូងឃ្មុំ។

៣/ សម្ដេចក្រឡាហោម ស ខេង
ជាអ្នកនយោបាយជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានជាប់ជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង ចាប់តាំងពីនីតិកាលទី១ ឆ្នាំ១៩៩៣។ បន្ថែមពីសមាជិករដ្ឋសភា ៧អាណត្តិជាប់ៗគ្នានេះ សម្ដេច ស ខេង ក៏ធ្លាប់ធ្វើជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច និងក្រោយមកជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

៤/ សម្ដេចពិជ័យសេនា ទៀ បាញ់
ការបោះឆ្នោតជាតិ នីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជាប់ឆ្នោតជាសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាប រហូតដល់នីតិកាលទី៧ ឆ្នាំ២០២៣នេះ សម្ដេច ទៀ បាញ់ ក៏នៅតែបន្តជាប់ជាសមាជិកសភា មណ្ឌលខេត្តសៀមរាបដដែល។

៥/ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ៧អាណត្តិជាប់ៗគ្នា មណ្ឌលខេត្តស្វាយរៀង។ បន្ថែមពីលើតួនាទីជាតំណាងរាស្ត្រ សម្ដេច ម៉ែន សំអន ក៏ជាឥស្សរជនស្ត្រី ដែលធ្លាប់កាន់តំណែងជាច្រើន ជាអាទិ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជានាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍។

៦/ សម្ដេច គង់ សំអុល
សម្ដេច គង់ សំអុល ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ១៩៩៣។ មុនក្លាយជាតំណាងរាស្រ្ត សម្ដេច គង់ សំអុល ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៩ ខណៈនៅក្នុងឆ្នាំ១៩៩៨ សម្ដេច គង់ សំអុល បានបន្តជាប់ឆ្នោតជាតំណាងរាស្រ្ត និងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រហូដល់បច្ចុប្បន្ន។

៧/ លោក ជាម យៀប
លោក ជាម យៀប បានធ្វើជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ចាប់តាំងពីនីតិកាលទី១ មកម្ល៉េះ។ អ្នកនយោបាយចាស់វស្សារូបនេះ នឹងត្រូវបន្តកាន់តំណែងជាអនុប្រធានទី១ នៃរដ្ឋសភាដដែល ក្នុងនីតិកាលទី៧នេះ បន្ទាប់ពីលោកបានកាន់តំណែងនេះ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២១។

៨/ លោកស្រី និន សាផុន
លោកស្រី និន សាផុន ជាអ្នកនយោបាយស្រ្តីជួរមុខរបស់គណបក្សប្រជាជនកម្ពុជា ដែលបានជាប់ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អស់រយៈពេល ៣០ឆ្នាំមកហើយ។ នៅក្នុងការងារសភា លោកស្រី និន សាផុន មានតួនាទីជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

៩/ លោក ហ៊ូ ស្រ៊ី
លោក ហ៊ូ ស៊្រី ជាតំណាងរាស្ត្រជាប់ឆ្នោត ៧អាណត្តិជាប់ៗគ្នា នៅមណ្ឌលរាជធានីភ្នំពេញ។ ក្នុងនីតិកាលទី៦ កន្លងទៅនេះ លោក ហ៊ូ ស្រ៊ី មានតួនាទីជាអនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ អ្នកតំណាងរាស្ត្ររូបនេះ គឺជាអតីតប្រធានក្រុមប្រឹក្សាអប់រំ (នាយក) នៃវិទ្យាល័យភ្នំដូនពេញ ដែលបច្ចុប្បន្នជាវិទ្យាល័យព្រះស៊ីសុវត្ថិ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


