ព័ត៌មានអន្ដរជាតិ
តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះពាល់យ៉ាងណាដល់ អ៊ុយក្រែន?
ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy ត្រូវបានបណ្ដេញចេញពីតំណែងនៅពាក់កណ្ដាលអាណត្តិកាលពីថ្ងៃទី៣ ខែតុលា ជាមួយនឹងសំឡេងបោះឆ្នោត ២១៦ ទល់នឹង ២១០ ក្រោយការដាក់ញត្តិពីសំណាក់លោក Matt Gaetz ដែលជាអ្នកសាធារណរដ្ឋដូចគ្នាមកពីរដ្ឋផ្លរីដា ។

លោក Matt Gaetz បានដាក់ញត្តិមួយដើម្បីបោះឆ្នោតបណ្តេញលោក McCarthy កាលពីថ្ងៃចន្ទ ពោលគឺ ២ ថ្ងៃ បន្ទាប់ពីប្រធានរដ្ឋសភារូបនេះកៀរគរសមាជិកសភាបក្សសាធារណរដ្ឋឲ្យអនុម័តច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធអាមេរិកដើម្បីបញ្ចៀសការបិទ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ។
នេះហើយគឺជាដើមចមដ៏ធំមួយសម្រាប់លោក McCarthy ធ្លាក់ចេញពីកៅអីប្រធានរដ្ឋសភា ព្រោះតែការខុសមាត់ខុស ក របស់លោកក្នុងការរក្សាពាក្យសម្ដីដែលធ្លាប់បានសន្យា នៅពេលឡើងកាន់តំណែងមួយនេះ ។ អំឡុងពេលនោះ លោកប្ដេជ្ញាធ្វើការឆ្ពោះទៅរកការកាត់បន្ថយថ្លៃចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺផ្ទុយស្រឡះពីចិត្តគំនិតរបស់អ្នកសាធារណរដ្ឋ ។

ពាក់ព័ន្ធនឹងការធ្លាក់ចេញពីកៅអីប្រធានរដ្ឋសភានេះទៀតសោត ខាងគណបក្សប្រជាធិបតេយ្យមួយចំនួនក៏កំពុងភ័យខ្លួនផងដែរ ដោយសារតែការបោះឆ្នោតដកតំណែងលោក McCarthy នឹងបណ្ដាលឲ្យមានការពន្យារពេលអនុម័តសេចក្តីព្រាងថវិកាដែលបានដាក់ជូនដោយរដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ជាពិសេសវាអាចនឹងយឺតយ៉ាវក្នុងការផ្ដល់ប្រាក់កាក់ដល់អ៊ុយក្រែន ដែលកំពុងដង្ហើយហៅរកជំនួយពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
ស្របពេលជាមួយគ្នានេះ ក្រោយលោក McCarthy អស់តំណែងហើយនោះ, លោក Patrick McHenry សមាជិកសភារបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ North Carolina ត្រូវបានប្រកាសឲ្យអង្គុយកៅអីជាប្រធានរដ្ឋសភាស្តីទី រហូតដល់មានការបោះឆ្នោតជ្រើសតាំងថ្មី ហើយនេះក៏ជាលើកដំបូងផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិករយៈពេល ២៣៤ ឆ្នាំដែលមានការបោះឆ្នោតទម្លាក់ប្រធានរដ្ឋសភាបែបនេះ ។
គួរបញ្ជាក់ថា លោក McCarthy បានជាប់ឆ្នោតជាប្រធានរដ្ឋសភាកាលពីថ្ងៃទី១៥ ខែមករា បើទោះបីជាមានការប៉ុនប៉ងរារាំងពីសំណាក់គណបក្សសាធារណរដ្ឋក៏ដោយ ។ ទោះយ៉ាងណា បុរសវ័យ ៥៨ ឆ្នាំកាន់តំណែងរដ្ឋសភាបានត្រឹមតែរយៈពេល ២៦៩ ថ្ងៃប៉ុណ្ណោះ ហើយក៏ជាអាណត្តិដ៏ខ្លីបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ ក្រោយលោក Michael C. Kerr កាន់តំណែងមួយនេះបានរយៈពេល ២៥៧ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក McCarthy ថ្លែងបែបណាខ្លះ ក្រោយអស់តំណែងជាប្រធានរដ្ឋសភា អាមេរិក

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់