Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង ត្រៀមទន្លេវ៉ៃគោ ដើម្បី​រៀបចំការប្រណាំងទូកឱ្យអធិកអធមនៅឆ្នាំនេះ​

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀង កំពុងតែញាប់ដៃញាប់ជើង រៀបចំទីតាំងទន្លេវ៉ៃគោឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងមានសោភ័ណ្ឌភាពស្រស់បំព្រង ដើម្បីរៀបចំកម្មវិធីប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។ កាលពីរសៀលថ្ងៃអង្គារ ម្សិលមិញនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំមន្រ្តី និងក្រុមការងារចុះទៅពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានឱ្យដឹងថា ពិធីបុណ្យអុំទូកខិតជិតមកដល់ហើយ ដូច្នោះ អាជ្ញាធរ ត្រូវរៀបចំទីតាំងដាក់វេទិកានៃពិធី ចងទង់ជាតិតាមដងទន្លេ រៀបចំភ្លើងពេលប្រារព្ធពិធីឱ្យបានល្អស្អាត រៀបចំបន្ទប់ទឹកសាធារណៈ ចំណតរថយន្ត ជាពិសេស សុខសុវត្ថិភាព សន្តិសុខ មុនពេលពិធី និងក្រោយពេលពិធី ឱ្យបានល្អខ្ជាប់ខ្ជួន។ លោកបញ្ជាក់ថា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្ករបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ នឹងមានការសហការគាំទ្រ និងចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីញុំាងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀង ឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម