Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជីនពីង វាយបកទៅ អាមេរិក វិញថា ចិន មិនចង់ធ្វើសង្គ្រាមជាមួយ​ប្រទេសណាឡើយ

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុង San Francisco ថា ប្រទេសចិនមិនមានបំណងធ្វើអនុត្តរភាព ហើយក៏គ្មានចិត្តចង់ធ្វើសង្រ្គាមត្រជាក់ ឬសង្គ្រាមក្តៅប្រឆាំងនឹងនរណាម្នាក់ឡើយផងដែរ ។

លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយអង្គការអាមេរិកមួយចំនួនថា “ទោះជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍បែបណាក៏ដោយ ក៏ចិននឹងមិនបន្តធ្វើអនុត្តរភាព ឬពង្រីកវាឲ្យធំនោះដែរ ជាពិសេសចិន​មិន​ដាក់​ឆន្ទៈ​របស់​ខ្លួន​ទៅ​លើ​អ្នក​ដទៃ​ឡើយ” ។

ទន្ទឹមនោះ ដោយដកស្រង់សម្ដីរបស់ប្រធានាធិបតីចិនរូបនេះ, ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រទេសចិនមិនស្វែងរកការពង្រីឥទ្ធិពលរបស់ខ្លួនអ្វីនោះឡើយ ហើយក៏នឹងមិនមានបំណងធ្វើសង្គ្រាមត្រជាក់ ឬធ្វើសង្គ្រាមក្ដៅជាមួយនរណាម្នាក់ផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមើលឃើញថា ការលើកឡើងរបស់លោក ស៊ី គឺជាការឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោក បៃដិន ដែលបានហៅប្រធានាធិបតីចិនរូបនេះថាជា “មេដឹកនាំផ្ដាច់ការ” ក្នុងសន្និសីទមួយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ត្រឹមតែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ គឺជាទំនាក់ទំនងផ្លូវការលើកទី ៧ ហើយ ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ ២០២១ មក ខណៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅពេលនេះ គឺជាលើកដំបូងផងដែរក្នុងរយៈពេល ៦ ឆ្នាំ ដោយសារតែភាពតានតឹងជាច្រើនរបស់ប្រទេសទាំងពីរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ក្រោយប្រជុំចប់ប៉ុន្មានម៉ោងប៉ុណ្ណោះ លោក បៃដិន បន្តហៅលោក ស៊ី ជីនពីង ជា “មេដឹកនាំផ្ដាច់ការ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម