ព័ត៌មានអន្ដរជាតិ
លម្អិតសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ក្នុងរយៈពេល ២ ខែមកនេះ
រយៈពេល ២ ខែទៅហើយនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះបើកការវាយប្រហារចេញពីតំបន់ហ្គាហ្សាឆ្លងព្រំដែនចូលក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណៈរហូតមកដល់ពេលនេះមានអ្នកស្លាប់ក្នុងរង្វង់ជាង ១៦,២០០ នាក់ និងរបួសជាង ៤៣,៦០០ នាក់ ។

ទន្ទឹមនោះ ក្នុងរយៈពេល ២ ខែមកនេះ ភាគីជម្លោះទាំងពីរសម្រេចបានការផ្អាកបាញ់មនុស្សធម៌តែមួយសប្ដាហ៍ប៉ុណ្ណោះ ពោលកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយក្នុងអំឡុងពេលនោះ មានការដោះដូរចំណាប់ខ្មាំងជាង ២០០ នាក់ និងមានជំនួយមនុស្សធម៌បន្តិចបន្តួចប៉ុណ្ណោះចូលទៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ ស្របពេលដែលពលរដ្ឋប្រមាណ ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ។
ទោះយ៉ាងណា ការផ្អាកបាញ់មនុស្សធម៌ និងការផ្ដល់ជំនួយផ្សេងៗដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីបត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយឆ្លៀតឱកាសនោះកងកម្លាំងអ៊ីស្រាអែលបានបន្ថែមការវាយប្រហារថ្មីៗទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់ហ្គាហ្សា រួមទាំងអគារមន្ត្រីរដ្ឋាភិបាល កន្លែងថែទាំសុខភាព និងសាលារៀនដែលសុទ្ធសឹងតែគ្រប់គ្រងដោយអង្គការសហប្រជាជាតិ និងជាជម្រកជនស៊ីវិលដែលភៀសខ្លួនកំពុងរស់នៅ ។

មិនត្រឹមតែបើកការវាយប្រហារនោះទេ អាជ្ញាធរអ៊ីស្រាអែលក៏បង្កើនការចាប់ខ្លួនជនជាតិប៉ាឡេស្ទីននៅក្នុងទឹកដីដែលពួកគេកំពុងកាន់កាប់ រួមទាំងតំបន់ West Bank និងទីក្រុង East Jerusalem ផងដែរ ដោយក្នុងរយៈពេល ២ ខែមកនេះ មនុស្សជាង ៣,៦០០ នាក់ត្រូវបានចាប់ឃុំខ្លួន ខណៈបូកទាំងមុនព្រឹត្តិការណ៍ ៧ តុលា អ៊ីស្រាអែលបានចាប់ឃុំខ្លួនពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៧,៨០០ នាក់ហើយ ។
នៅក្នុងពន្ធនាគារ ប្រជាជនប៉ាឡេស្ទីនទាំងប្រុស ទាំងស្រីជាច្រើនប្រឈមមុខនឹងការអនុវត្តន៍ទោសដ៏ឃោរឃៅ រួមទាំងការដាក់ទណ្ឌកម្ម និងការវាយដុំច្រំធាក់ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ខណៈអ្នកទោសចំនួន ៦ នាក់រងការធ្វើទារុណកម្មរហូតដល់ស្លាប់ ។

ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលក៏បានអះអាងសម្លាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសប្រមាណ ៥,០០០ នាក់ផងដែរនៅក្នុងទីតាំងលាក់ខ្លួនផ្សេងៗគ្នា រួមទាំងក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីជម្លោះថ្មីផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ។
បច្ចុប្បន្នជម្លោះមួយនេះមិនត្រឹមតែរីកក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ វាក៏កំពុងរាលទៅដល់ប្រទេសជិតខាងលីបង់ផងដែរ ដោយនៅតាមតំបន់ព្រំដែន ភាគីទាំងពីរបានបាញ់គ្រាប់រ៉ុកកែតស្រោចដូចទឹកភ្លៀងដាក់គ្នាទៅវិញទៅ ។ បន្ថែមពីនេះក៏មានលូកដៃពីសំណាក់ក្រុមឧទ្ទាមហេសបូឡា និងក្រុមប្រដាប់អាវុធហ៊ូធីរបស់យេម៉ែនដូចគ្នា ដោយសារតែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្ដេជ្ញាហើយថា អ៊ីស្រាអែលនឹងនៅតែបន្តធ្វើសង្គ្រាម រហូតដល់កម្ចាត់ក្រុមហាម៉ាសអស់ពីផែនដី ។

ពាក់ព័ន្ធនឹងបញ្ហានេះ ទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) ក៏ដូចជាពិភពលោកទាំងមូលបានសម្ដែងក្ដីព្រួយបារម្ភ និងមិនគាំទ្រដល់សកម្មភាពបែបនេះរបស់អ៊ីស្រាអែលនោះទេ ដោយសារតែរាល់ការវាយប្រហាររបស់កងកម្លាំងលោក Netanyahu ភាគច្រើនគឺសម្លាប់តែជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះ ខណៈនៅពេលនេះ អ៊ីស្រាអែលក៏បន្តវាយលុកទាំងផ្លូវគោក និងផ្លូវអាកាសនៅភាគខាងត្បូង និងភាគជើងតំបន់ហ្គាហ្សា ។
គួរបញ្ជាក់ថា ប្រសិនបើលោក Netanyahu នៅតែរឹងទទឺងមិនព្រមទទួលការសម្របសម្រួលណាមួយពីសំណាក់សហគមន៍អន្តរជាតិ នោះសង្គ្រាមមួយនេះក៏អាចនឹងអូសបន្លាយពេល ក៏ដូចជាបន្តត្រាំត្រែងដូចសង្គ្រាម រុស្ស៊ី-អ៊ុយក្រែនផងដែរ ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត ២ ឆ្នាំទៅហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


