ព័ត៌មានអន្ដរជាតិ
លោក Biden អំពាវនាវឲ្យធ្វើកំណែទម្រង់លើការគ្រប់គ្រងកាំភ្លើង
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងសេចក្តីថ្លែងការណ៍ប្រារព្ធខួបនៃការបាញ់ប្រហារដ៏សាហាវនៅសាលារៀនទីក្រុង Parkland កាលពីថ្ងៃអាទិត្យបានអំពាវនាវឲ្យសភាអនុម័ត “កំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើង” ។
គូសបញ្ជាក់ថា រដ្ឋបាលរបស់លោក Biden នឹងមិនរង់ចាំការបាញ់ប្រហារទ្រង់ទ្រាយធំក្រោយៗទេ ហើយបានអំពាវនាវមានសកម្មភាពជាបន្ទាន់ ។

លោកបាននិយាយថា “យើងនឹងចាត់វិធានការដើម្បីបញ្ចប់ការរីករាលដាលនៃអំពើហិង្សាដោយកាំភ្លើង និងធ្វើឲ្យសាលារៀន និងសហគមន៍របស់យើងមានសុវត្ថិភាព ។ យើងជំពាក់អ្នកដែលយើងបានបាត់បង់ជីវិត និងអ្នកដែលនៅសេសសល់ ។ ឥឡូវនេះពេលវេលាត្រូវធ្វើហើយ” ។
សម្ដីរបស់លោកបានធ្វើឡើងក្រោយរយៈពេល ៣ ឆ្នាំចាប់តាំងពីអ្វីដែលត្រូវបានចាត់ទុកថាជាការបាញ់ប្រហារដ៏សាហាវបំផុតនៅលើពិភពលោក ។ ការបាញ់ប្រហារនៅទីក្រុង Parkland បានកើតឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវិទ្យាល័យ Stoneman Douglas ក្នុងរដ្ឋផ្លរីដា ហើយបណ្ដាលឲ្យសិស្សសាលា និងគ្រូចំនួន ១៧ នាក់បានស្លាប់ ។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “សិស្សសាលាទីក្រុង Parkland និងយុវជនជាច្រើនទៀតនៅទូទាំងប្រទេសដែលធ្លាប់មានអំពើហិង្សាដោយកាំភ្លើងកំពុងឆ្ពោះទៅរកប្រវត្តិសាស្ត្ររបស់អាមេរិក ។ វាជាប្រវត្តិសាស្ត្រមួយដែលសរសេរដោយយុវជនក្នុងជំនាន់នីមួយៗដែលបានប្រជែងនឹងជំនឿចិត្តដើម្បីទាមទារនូវការពិតដ៏សាមញ្ញមួយ” ។
នៅពេលនិយាយពីបញ្ហាត្រួតពិនិត្យកាំភ្លើង ប្រធានាធិបតីអាមេរិករូបនេះបានសំដៅទៅលើការកើនឡើងជាប្រវត្តិសាស្រ្តកាលពីឆ្នាំមុននៃអំពើមនុស្សឃាតនៅទូទាំងសហរដ្ឋអាមេរិក និងអំពើហិង្សាដោយកាំភ្លើងបានបំផ្លិចបំផ្លាញយ៉ាងសម្បើមដល់បុគ្គលស្បែកខ្មៅ និងស្បែកត្នោតនៅក្នុងទីក្រុងរបស់យើង ។

នេះមិនមែនជាលើកទីមួយទេដែលលោក Biden បានអំពាវនាវឲ្យធ្វើសកម្មភាពសម្រាប់ការគ្រប់គ្រងកាំភ្លើងរួមដើម្បីទប់ស្កាត់អំពើហិង្សាដោយហេតុថាលោកបានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីរបស់លោក ។ ក្នុងនាមជាបេក្ខជនបោះឆ្នោតម្នាក់ គាត់បានតស៊ូមតិសម្រាប់ការត្រួតពិនិត្យសម្រាប់ការលក់កាំភ្លើងទាំងអស់ កម្មវិធីអាជ្ញាប័ណ្ណកាំភ្លើងរដ្ឋ ការទទួលខុសត្រូវស្របច្បាប់របស់ក្រុមហ៊ុនផលិតកាំភ្លើងដែលត្រូវបានប្រើសម្រាប់ឧក្រិដ្ឋកម្ម និងបញ្ចប់ការលក់កាំភ្លើងតាមអ៊ីនធឺណិត ។
បញ្ហាជុំវិញការគ្រប់គ្រងកាំភ្លើងគឺជារឿងមួយដែលធ្ងន់ធ្ងរបំផុតនៅសហរដ្ឋអាមេរិក ។ សិទ្ធិកាន់អាវុធត្រូវបានចាត់ទុកថាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៅក្នុងប្រទេស ប៉ុន្តែក្នុងពេលតែមួយមនុស្សជាច្រើនកត់សម្គាល់ពីចំនួននៃការបាញ់ប្រហារដ៏ច្រើន និងការស្លាប់ដោយកាំភ្លើងនៅអាមេរិក ។

ច្បាប់គ្រប់គ្រងកាំភ្លើងនឹងមិនងាយស្រួលសម្រាប់រដ្ឋបាលលោក Biden អនុម័តនោះទេ ព្រោះថាមានអ្នកគាំទ្រការគ្រប់គ្រងកាំភ្លើងនៅអាមេរិក ជាពិសេសសមាគមកាំភ្លើងជាតិ (NRA) ។ ទាក់ទងនឹងការបាញ់សម្លាប់នៅសាលា Stoneman Douglas សមាគម NRA បានស្នើឲ្យមានសន្តិសុខប្រដាប់អាវុធនៅតាមសាលារៀនដើម្បីឲ្យគ្រប់គ្រងអាវុធអាចទប់ទល់នឹងឧប្បត្តិហេតុស្រដៀងគ្នានេះ ។ ការផ្តល់ជូននេះមិនត្រូវបានឆ្លើយតបដោយការសាទរពីមនុស្សគ្រប់គ្នានោះទេ ព្រោះ NRA បានទទួលរងការរិះគន់យ៉ាងខ្លាំង ។
បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Parkland រដ្ឋផ្លរីដា ច្បាប់ហាមប្រាមការលក់អាវុធដល់ប្រជាជនអាយុក្រោម ២១ ឆ្នាំត្រូវបាន NRA ប្តឹងតវ៉ានៅក្នុងតុលាការសហព័ន្ធដោយអង្គការនេះអះអាងថា ការរឹតត្បិតនេះនឹងរំលោភលើសិទ្ធិរបស់រដ្ឋធម្មនុញ្ញលើយុវជនអាយុ ១៨ ឆ្នាំដល់ ២១ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ត្រាំ ទទួលការលើកលែងទោសជាលើកទី ២ ពីព្រឹទ្ធសភាអាមេរិក
ចុចអាន ៖ ប៊ូតុងក្រហមដ៏អាថ៌កំបាំងលើតុរបស់ ត្រាំ ហាក់ដូចជាត្រូវបានដកចេញពីការិយាល័យពងក្រពើ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


