ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្តេជ្ញាកម្ទេចចោល ប្រទេសកូរ៉េខាងត្បូង
ស្របពេលទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងសេអ៊ូល ធ្លាក់ចុះដល់កម្រិតទាបបំផុតនោះ លោក គីម ជុងអ៊ុន បានប្តេជ្ញាថា គ្មានអ្វីត្រូវស្ទាក់ស្ទើរឡើយ កូរ៉េខាងជើង នឹងកម្ទេចប្រទេសកូរ៉េខាងត្បូងចោល ប្រសិនបើខ្លួនរងការវាយប្រហារពិតមែន។

ឆ្នាំនេះ ប្រទេសកូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានប្រកាសក្តែងៗ ចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវធំ” ហើយថែមទាំងកាត់ផ្តាច់ទំនាក់ទំនងមួយចំនួន និងគំរាមផ្ទុះសង្រ្គាមទៀតផង បើទឹកដីរបស់ខ្លួនត្រូវបានគេរំលោភសូម្បីមួយមិល្លីម៉ែត្រ។
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រទី៩ខែកុម្ភៈ, លោក គីម និយាយថា “ប្រសិនបើសត្រូវហ៊ានប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើងមែន យើងនឹងសម្រេចចិត្តយ៉ាងអង់អាច ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្រ្ត ហើយមិនស្ទាក់ស្ទើរឡើយក្នុងការប្រើគ្រប់អំណាច ដើម្បីកម្ទេចពួកគេ។ សន្តិភាពមិនមែនជារឿងដែលត្រូវស្នើសុំឬដោះដូរតាមរយៈការចរចានោះទេ”។
លោកគីម ធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលប្រារព្ធខួបនៃការបង្កើតយោធារបស់ប្រទេស ហើយវោហាសាស្រ្តនេះ ធ្វើឲ្យគេនឹកឃើញដល់សេចក្តីថ្លែងការណ៍លើកមុន ដែលគាត់និយាយថា កងទ័ពកូរ៉េខាងជើង គួរតែកម្ទេចសត្រូវប្រសិនបើមានការបង្កហេតុ។

កាលពីសប្តាហ៍មុន ពេលចុះត្រួតពិនិត្យរោងចក្រផលិតនាវា Nampho នៅឯកំពង់ផែធំមួយ លើឆ្នេរភាគខាងលិច ដើម្បីពិនិត្យការសាងសង់នាវាចម្បាំងថ្មីៗ លោក គីម ក៏ប្រកាសឲ្យកងទ័ពជើងទឹករបស់ខ្លួន ពង្រឹងកម្លាំងត្រៀមធ្វើសង្គ្រាមផងដែរ។
លោកនិយាយថា “ការពង្រឹងកម្លាំងទ័ពជើងទឹក បានក្លាយជាបញ្ហាសំខាន់បំផុត ក្នុងការការពារអធិបតេយ្យដែនសមុទ្រ ប្រកបដោយភាពជឿជាក់របស់ប្រទេស និងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្រ្គាមនាពេលនេះ”។
សេចក្តីប្រកាសរបស់លោក គីម ពេលនោះ កើតឡើងបន្ទាប់ពី កូរ៉េខាងជើងទើបធ្វើតេស្តមីស៊ីលយុទ្ធសាស្រ្តប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹកឈ្មោះ Pulhwasal-3-31។
សូមបញ្ជាក់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនប្រភេទ ដែលរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងយានគ្មានមនុស្សបើកនៅក្រោមទឹកផងដែរ។
កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយអ្នកវិភាគនិយាយថា នាវាមុជទឹកនោះហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីផ្ទុកមីស៊ីលផ្លោង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


