ព័ត៌មានជាតិ
បន្លែសុវត្ថិភាពខេត្តកំពង់ធំធ្លាប់លក់បាន ៥ ០០០ រៀល ធ្លាក់មកនៅ ១ ៥០០ រៀល/គ.ក្រ ផលិតបានគ្មានទីផ្សារនាំចេញ
លោក វន វង្ស គណៈកម្មាធិការនិងជាអនុប្រធានត្រួតពិនិត្យសមាគមបន្លែសុវត្ថិភាពខេត្តកំពង់ធំបានឲ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះថា ចាប់តាំងពីកំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារបន្លែសុវត្ថិភាពកំពុងប្រឈមមុខនឹងបញ្ហាទីផ្សារយ៉ាងខ្លាំង ដោយសារឈ្មួយទម្លាក់តម្លៃនាំចេញរហូតដល់កម្រិតមួយដែលប្រជាសមាគមមិនអាចទទួលយកបាន។

លោក វន វង្ស មានប្រសាសន៍ថា បន្លែដែលបានដាំដុះនៅក្នុងសមាគមបន្លែសុវត្ថិភាព បានប្រឈមមុខនឹងបញ្ហាទីផ្សារយ៉ាងខ្លាំង។ ជាក់ស្ដែង ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ននេះ ឈ្មួញបានទម្លាក់តម្លៃបន្លែ មិនអាចទទួលយកបាន ដែលធ្វើឲ្យប្រជាសហគមន៍ខាតនៅក្នុងការផលិត ព្រោះតែបន្លែសុវត្ថិភាពនាំចេញមានតម្លៃទាបពេក ហើយបើទោះបីជាសព្វថ្ងៃនេះបន្លែនៅអាចលក់បានក៏ពិតមែន ប៉ុន្តែក្នុងចំនួនមួយតិចតួចដែលចំណូលទទួលបានក៏មិនអាចយកមកផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ។
គណៈកម្មាធិការសមាគមរូបនេះបានលើកឡើងថា «ឈ្មួយបានទម្លាក់តម្លៃទីផ្សារយ៉ាងគំហុក។ ជាក់ស្តែងបន្លែសុវត្ថិភាព ដែលដាំដោយមិនប្រើប្រាស់សារធាតុគីមី និងស្ទើរតែឈានទៅដល់បន្លែសរីរាង្គទៅហើយនោះ គឺអាចលក់បានក្នុងតម្លៃពី ១ ០០០ រៀល ទៅ ១ ៥០០ រៀលប៉ុណ្ណោះ (ប្រភេទបន្លែសន្លឹក) ក្នុងមួយគីឡូក្រាម ហើយមកដល់ពេលបច្ចុប្បន្ន បញ្ហាតម្លៃនាំចេញលើទីផ្សារក៏មិនទាន់អាចមានដំណោះស្រាយឬអាចដោះសា្រយបាននៅឡើយដែរ»។

យ៉ាងណាមិញ លោក វន វង្ស បានលើកឡើងដែរថា កាលមិនទាន់ប្រឈមនឹងបញ្ហាទីផ្សារ និងកាលពីឆ្នាំមុនៗបន្លែសុវត្ថិភាពក្នុងសមាគម គឺមានតម្លៃទីផ្សារល្អគួរសមដោយក្នុងមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃចន្លោះពី ៣ ៥០០ រៀល ទៅ ៥ ០០០ រៀល ប៉ុន្តែភាគច្រើនគឺលក់បានក្នុងតម្លៃ ៤ ០០០ ទៅ ៥ ០០០ រៀល ដែលជាតម្លៃទទួលបានថេរ។ ទៀតសោត ដោយសារតែប្រឈមនឹងបញ្ហាទីផ្សារ បច្ចុប្បន្នសហគមក៏បានកាត់បន្ថយនៃការដាំដុះជាច្រើនប្រភេទ ដើម្បីកុំឲ្យកសិករមានការខាតបង់កាន់តែខ្លាំង។ កាលពីឆ្នាំមុន តាមផែនការសមាគមដាំពពួកបន្លែសន្លឹកដូចជាសាឡាត់ខ្មែរ សាឡាត់បរទេស ស្ពៃក្រញាញ់ ស្បៃចង្កឹះ និងជាច្រើនប្រភេទទៀត។
បើទោះបីជាប្រឈមបញ្ហាទីផ្សារក៏ពិតមែន លោក វន វង្ស បានអះអាងថា «ប្រជាសមាគមនៅតែខិតខំពង្រឹងគុណភាពបន្លែឲ្យកាន់តែមានស្តង់ដារអនាម័យល្អ ដើម្បីទទួលបានការទទួលស្គាល់បន្ថែមទៀត ព្រោះកន្លងមកបន្លែមួយចំនួនក៏ទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការថ្នាក់ជាតិរួចមកហើយ និងខិតខំទំនាក់ទំនងទីផ្សារទំនើបក្នុងស្រុកមួយចំនួនបន្ថែមក្នុងការនាំចេញ ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ»។

ក្នុងនាមជាគណៈកម្មាធិការត្រួតពិនិត្យសមាគមបន្លែធម្មជាតិ លោកក៏សំណូមពរមន្ទីរពាក់ព័ន្ធជួយរកទីផ្សារជូនកសិករដែលផលិតបានហើយ ប៉ុន្តែគ្មានមានទីផ្សារ និងសុំឲ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកលើកកម្ពស់ផលិតផលសុទ្ធដែលគ្មានសារធាតុគីមី និងមិនធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពជាជាងគាំទ្រផលិតផលនាំចូល៕
អត្ថបទ៖ ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


