ព័ត៌មានជាតិ
ជំងឺ ៥ ប្រភេទ កំពុងយាយីទៅលើកុមារកម្ពុជា
ជំងឺចំនួន ៥ ប្រភេទ កំពុងយាយីទៅលើកុមារកម្ពុជាគួរឱ្យព្រួយបារម្ភ ដែលទាមទារអាណាព្យាបាលមាតាបិតា ត្រូវយកចិត្តទុកដាក់ខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា។

បើតាម លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ កាលពីថ្ងៃទី ២៧ មីនា ថា ឆ្នាំ ២០២៣ មន្ទីរពេទ្យកុមារជាតិ ទទួលបានអតិថិជនកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២២។ ជាក់ស្ដែងការពិនិត្យពិគ្រោះជំងឺក្រៅ ឆ្នាំ ២០២២ មាន ១៦៧.១៧៦ ករណី ខណៈឆ្នាំ ២០២៣ មាន ១៩២.៣៦៤ ករណី បានកើនឡើងចំនួន ១៥%។ រីឯអ្នកជំងឺសម្រាកពេទ្យ ឆ្នាំ ២០២២ មាន ២៤.៥៣៥ ករណី ខណៈ ឆ្នាំ ២០២៣ មាន ៣៧.៣៦៧ ករណី កើនឡើងចំនួន ៥២%។ ក្នុងចំណោមជំងឺសម្រាកពេទ្យ មានជំងឺចំនួន ៥ មានភាពលេចធ្លោជាងគេរួមមាន ជំងឺរលាកបំពង់ក មាន ៥.៥០៣ ករណី, ជំងឺគ្រុនឈាម មាន ៥.៣៨២ ករណី, ជំងឺរលាកកូនទងសួតមាន ៣.៨៩២ ករណី, ជំងឺរាកគ្រប់ប្រភេទ មាន ៣.២៥០ ករណី និងជំងឺទារកមិនគ្រប់ខែ មាន ៥.៣៣៦ ករណី។
លោកវេជ្ជបណ្ឌិត បានបន្តថា ការកើនឡើងចំនួនអ្នកជំងឺបានធ្វើឱ្យចំនួនគ្រែសម្រាកពេទ្យក៏មានការកើនឡើងផងដែរ ដោយនៅឆ្នាំ ២០២២ មន្ទីរពេទ្យ មានគ្រែចំនួន ៣៥០ គ្រែ អត្រាប្រើប្រាស់ ៨៧% ខណៈឆ្នាំ ២០២៣ មន្ទីរពេទ្យមានគ្រែចំនួន ៤០០ គ្រែ អត្រាប្រើប្រាស់ ១៣២%។

លោកវេជ្ជបណ្ឌិត បន្តទៀតថា ទោះបីជាអត្រាអ្នកជំងឺមានការកើនឡើងក៏ដោយ ក៏អត្រាស្លាប់របស់កុមារមានការថយចុះជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២២ មាន ១,០៩% ខណៈឆ្នាំ ២០២៣ មានត្រឹមតែ ០,៦៩% ថយចុះ ០,៤០%។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការសាទរចំពោះភាពជោគជ័យរបស់មន្ទីរពេទ្យកុមារជាតិ ពិសេសបានធ្វើឱ្យអត្រាមរណភាពរបស់កុមារនៅមន្ទីរពេទ្យធ្លាក់ចុះជាបន្ត បន្ទាប់ពី ១,០៩% ឆ្នាំ ២០២២ មក ០,៦៩% ឆ្នាំ ២០២៣។

លោករដ្ឋមន្ត្រី បានបន្តថា «ត្រង់ចំណុចនេះ មើលទៅលើជាលទ្ធផលជាក់ស្ដែងចំនួនអ្នកស្លាប់មានការថយចុះ ជាលទ្ធផលខ្ពស់មួយ និងសូមបន្តខិតខំបន្ថែមទៀត តើការដើរតួការស្លាប់ ០,៦៩% ជំងឺណាបណ្តាលឱ្យស្លាប់ច្រើនជាងគេ ដើម្បីយើងអាចដោះស្រាយឱ្យចំគោលដៅ និងកាន់តែប្រសើរ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរពេទ្យ ត្រូវពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ កែលំអអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរបន្ថែមទៀត។ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមទៀតដល់បុគ្គលិកមន្ត្រីរាជការ ពិសេសវេជ្ជបណ្ឌិតគិលានុបដ្ឋាកគិលានុបដ្ឋាយិកាឆ្មបឱ្យកាន់តែប្រសើរឡើងសមស្របទៅតាមនិយាមស្តង់ដារអន្តរជាតិ។

លើសពីនេះ ត្រូវពង្រឹងការគ្រប់គ្រង និងបំពាក់សម្ភារៈឧបករណ៍ និងឱសថឆ្លើយតបតាមតម្រូវការរបស់មន្ទីរពេទ្យ។ យកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ពិសេសកុមារ និងស្ត្រី ឱ្យកាន់តែប្រសើរឡើង។ ពង្រឹងសាមគ្គីភាពក្នុងការបំពេញការងារ និងបំពេញភារកិច្ចក្នុងវេនប្រចាំការឱ្យបាន ២៤ ម៉ោង ក្នុង ១ ថ្ងៃ ក្នុងមួយសប្ដាហ៍។ ការលើកកម្ពស់សុវត្ថិភាពក្នុងការព្យាបាលជំងឺ ការបញ្ជូនជំងឺ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ។ ការគ្រប់គ្រងពង្រឹងអភិបាលកិច្ចគ្រប់ផ្នែក ទាំងអស់ នៃមន្ទីរពេទ្យ។
លោករដ្ឋមន្ត្រី ក៏បានណែនាំខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលជាវិជ្ជមានបន្ថែមទៀត កាត់បន្ថយចំណុចអវិជ្ជមាន និងចំណុចខ្វះខាតដែលមាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមកទទួលសេវានៅមន្ទីរពេទ្យកាន់តែមានភាពកក់ក្ដៅបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


