ព័ត៌មានជាតិ
កម្ពុជា-ចិន បង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងធ្វើសមយុទ្ធរួមគ្នា
កម្ពុជា-ចិន បង្ហាញការប្តេជ្ញាចិត្តនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការបន្តធ្វើសមយុទ្ធនិងការហ្វឹកហ្វឺនរួមគ្នា ខណៈអ្នកវិភាគនយោបាយបានលើកឡើងថា មកដល់ពេលនេះកម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា។
ការប្តេជ្ញានេះ សម្រេចឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត និងលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៤ នៅវិមានសន្តិភាព។

សេចក្ដីប្រកាសព័ត៌មានរួមរវាងកម្ពុជា-ចិន បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាថាកម្ពុជា និងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នា ក្នុងគ្រាលំបាក។ ប្រភពដដែលគូសបញ្ជាក់ថា៖«ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្ដែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការ កសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្ត ដល់ប្រទេសទាំងពីរ»។
ក្នុងសេចក្តីប្រកាសរួមគូសបញ្ជាក់ថា៖«ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន»។
បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ, និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា យល់ថា សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសន្តិសុខ និងការពារជាតិ គឺមានសារៈសំខាន់សម្រាប់កម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន។ លោកបន្តថា៖«ព្រោះកន្លងមកចិនជាប្រទេសមួយដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិតាមរយៈការផ្តល់ហ្វឹកហ្វឺន ឯកសណ្ឋាន ជំនួយសាងសង់ និងបរិក្ខាយោធាផ្សេងៗ»។
សម្រាប់លោកចាត់ទុកថា ការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-ចិន គឺដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកគឺជាចំណុចវិជ្ជមាន។ លោកសង្កត់ធ្ងន់ថា៖«មកដល់ពេលនេះកម្ពុជាចាំបាច់ត្រូវតែធ្វើទំនើបកម្មវិស័យការពារជាតិ អភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា»។
លោកបន្ថែមថា ការពង្រឹងវិស័យការពារជាតិរបស់ខ្លួន មិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ ប៉ុន្តែកម្ពុជាមានភាពចាំបាច់ដើម្បីពង្រឹងសមត្ថភាពក្នុងការការពារអធិបតេយ្យជាតិ និងទឹកដី។
ប៉ុន្តែក្នុងស្ថានភាពកម្ពុជាដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ខ្លាំង លោកថាកម្ពុជាត្រូវការជំនួយពីបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមនឹងការពង្រឹងវិស័យការពារជាតិជាមួយប្រទេសចិន លោកបណ្ឌិត គិន ភា យល់ថាកម្ពុជាគប្បីរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការដូចគ្នានេះជាមួយបណ្តាលប្រទេសផ្សេងទៀត។ លោកគូសរំលេចថា៖«នៅពេលដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយបណ្តាប្រទេសកាន់តែច្រើន ការលាបពណ៌ពីសំណាក់បស្ចឹមប្រទេសមកលើកម្ពុជា ជុំវិញមូលដ្ឋានយោធាចិននៅកម្ពុជាក៏អាចត្រូវបានលុបបំបាត់ផងដែរ»។

តាមរយៈជំនួបខាងលើ ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយ ចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ប្រទេសចិន។
សេចក្តីប្រកាសសង្កត់ធ្ងន់ទៀតថា៖«កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


