សេដ្ឋកិច្ច
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលើគម្រោងអគារជាប់គាំង
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង។
“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានដាក់ចេញវិធានការ “ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ”។

ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់ វិនិយោគិន ឬធុរជនជាច្រើន ដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។
ជាលទ្ធផល វិវាទមួយចំនួនត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ។

ផ្អែកតាមពិសោធន៍ និងក្របខ័ណ្ឌច្បាប់ជាធរមាន ក្រុមការងារបានដាក់ចេញវិធីសាស្រ្តជំរុញ និងសម្របសម្រួលការដោះស្រាយវិវាទលើគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង ដោយធ្វើការសិក្សាស្វែងយល់អំពីអង្គហេតុ និងអង្គច្បាប់ ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺ ក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និងក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការការផ្តល់ការប្រឹក្សាយោបល់ និងការរៀបចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬពន្លឿននីតិវិធីច្បាប់ តាមរយៈយន្តការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនេះ ក្រុមការងារសូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនដែលមាន ឬពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងពោលគឺ ទាំងម្ចាស់ដី ម្ចាស់អគារ ឬភាគីផ្សេងទៀត ធ្វើការទំនាក់ទំនងមកក្រុមការងារ ដើម្បីផ្តល់កិច្ចសហការចូលរួមដោះស្រាយបញ្ហាអគារជាប់គាំង នៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ គម្រោងអគារចំនួន ១៤ ដែលមានទុនវិនិយោគប្រមាណ ៧៣៧ លានដុល្លារ ទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។
គម្រោងទាំង ១៤ នោះ រួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោងសណ្ឋាគារផ្កាយ ៥ និង
កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, ដែលមានទំហំទុនវិនិយោគសរុប ប្រមាណ ៧៣៣ លានដុល្លារអាមេរិក។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។
សូមជំរាបថា នៅដំណាច់ខែមករា ឆ្នាំ ២០២៤ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញ នូវវិធានការបន្ថែម ដើម្បីជំរុញឱ្យមានការវិនិយោគទៅលើអគារនៅខេត្តព្រះសីហនុ មានដូចជា លើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ។
តាមរយៈកម្មវិធីពិសេសនេះ មានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំ, ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ សម្រាប់គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចនានា ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក៏មានការលើកលែងអាករលើតម្លៃបន្ថែម អត្រាសូន្យភាគរយចំពោះសហគ្រាសតាមរបបស្វ័យប្រកាសដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ឬសេវាដល់កម្រោង ឬសកម្មភាពធុរកិច្ច ជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារ ដែលជាប់គាំងផងដែរ។
លើសពីនេះទៀត នឹងមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ ឆ្នាំ។ លើកលែងពន្ធអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ហើយការលើកលែងនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


