Connect with us

ព័ត៌មានជាតិ

មេធាវី សាំង វណ្ណៈ ប្រកាសចូលកាន់តំណែងជាប្រធានគណៈមេធាវី អាណត្តិទី១៥ ជាផ្លូវការ

បានផុស

នៅ

លោកមេធាវី សាំង វណ្ណៈ បានប្រកាសចូលកាន់តំណែងជាប្រធានគណៈមេធាវីនៃកម្ពុជា អាណត្តិទី១៥ ជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ។ ពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ បានរៀបចំឡើងក្រោមវត្តមានប្រធានគណៈមេធាវី អាណត្តិចាស់ លោកមេធាវី លី ច័ន្ទតុលា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ ត្រូវបានមហាសន្និបាតប្រចាំឆ្នាំលើកទី២៩​ របស់គណៈមេធាវី បោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៥ ដោយសម្លេងគាំទ្រ ២១០៥ ស្មើនឹង ៧៤,៤៩%។ ដោយឡែក មេធាវីចំនួន ៣៣រូប ក៏ត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧) ផងដែរ។

ថ្លែងក្នុងពិធីផ្ទេរ និងចូលកាន់តំណែងនេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃកម្ពុជា អាណត្តិទី១៥ បានសម្ដែងការអរគុណចំពោះសហភាតា និងសមាជិកសមាជិកាគណៈមេធាវីទាំងអស់ដែលបានបោះឆ្នោតគាំទ្ររូបលោកឱ្យធ្វើជាប្រធានគណៈមេធាវី អាណត្តិថ្មីពេលនេះ។  

លោកមេធាវី សាំង វណ្ណៈ បានប្ដេជ្ញាចិត្តពង្រឹង និងលើកគុណតម្លៃវិជ្ជាជីវៈមេធាវី ប្រកបដោយកិត្យានុភាព និងឧត្តមភាព ឈានឆ្ពោះទៅវិបុលភាពនៃវិជ្ជាជីវៈមេធាវី ព្រមទាំងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លោក​ ក៏ប្រកាសបន្តពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពង្រឹងការអនុវត្តវិធានវិជ្ជាជីវៈ ពង្រឹងនិងពង្រីកយន្តការបណ្តុះបណ្តាល ពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍តម្លាភាព ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព និងឧត្តមភាពនៃវិជ្ជាជីវៈ ពង្រីកទំនើបកម្ម និងបង្កើននូវប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមការវិវឌ្ឍនៃសង្គមឌីជីថល។

បន្ថែមពីនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ-អន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពការងារ ជូនសហភាតា អនុវត្តគោលនយោបាយសុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី​ ព្រមទាំងអនុវត្តគោលនយោបាយសំខាន់ៗរបស់គ្រប់អតីតប្រធានគណៈមេធាវីនៃកម្ពុជា។ នេះជាការបន្ថែមរបស់លោកមេធាវី សាំង វណ្ណៈ។

គួរជម្រាបថា មេធាវី សាំង​ វណ្ណៈ ជាប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) បន្ទាប់ពីមេធាវី លី ច័ន្ទតុលា ដែលជាប់ឆ្នោតជាប្រធានគណៈមេធាវី ២អាណត្តិជាប់គ្នា គឺអាណត្តិទី១៣ និងទី១៤ ពោលចាប់តាំងពី២០២០៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម