Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិរឿងរ៉ាវនៃ​សកម្មជន​បរិស្ថាន​​អាមេរិក ដែលប្ដូរផ្ដាច់រស់នៅលើចុងឈើ​​​ជិត​២​ឆ្នាំ ដើម្បីការពារ​​បរិស្ថាន​

បានផុស

នៅ

ប្រវត្តិរឿងរ៉ាវ​​តស៊ូ​របស់​​​យុវនារី​​ជនជាតិអាមេរិកម្នាក់ បានបង្កើតប្រវត្តិសាស្ត្រនៃការតវ៉ាការពារបរិស្ថានដ៏ល្បីល្បាញបំផុតមួយក្នុងលោក ដោយបានឡើងទៅរស់នៅលើដើមឈើបុរាណប្រភេទ Redwood អាយុកាល ១០០០ឆ្នាំ ឈ្មោះ «Luna» នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីសង្គ្រោះដើមឈើនោះពីការកាប់បំផ្លាញ។

រូបភាព៖timesofindia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពដ៏ក្លាហាននេះធ្វើឡើងដោយ កញ្ញា Julia Butterfly Hill ក្នុងវ័យ ២៣ឆ្នាំ។ ដំបូងឡើយ នាងគ្រោងនឹងស្នាក់នៅត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែដោយសារការប្ដូរផ្ដាច់ចង់សង្គ្រោះដើមឈើនេះពីការកាប់បំផ្លាញ នាងបានបន្តរស់នៅលើផ្ទះឈើតូចមួយនៅកម្ពស់ ៥៥ម៉ែត្រពីដី រហូតដល់ទៅ ៧៣៨ថ្ងៃ (ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩)។

សារព័ត៌មាន timesofindia​ បានចុះ​ផ្សាយ​អត្ថបទ​ដ៏​វែង​រំឭក​​អំពី​រឿងរ៉ាវ​​ដែលបានកើត​​តាំង​ពីជាង​​២០ឆ្នាំ​មុន​, ដោយ​បង្ហាញ​អំពី​មូលហេតុដែលរុញច្រានឲ្យកញ្ញា​ Hill សម្រេចចិត្តធ្វើរឿងនេះ គឺបន្ទាប់ពីនាងបានរស់រានមានជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយក្នុងឆ្នាំ១៩៩៦ ដែលធ្វើឲ្យនាងផ្លាស់ប្តូរទស្សនៈជីវិត ហើយបែរមកស្វែងរកអត្ថន័យពិតដោយការប្តេជ្ញាការពារធម្មជាតិ។

នៅក្នុងអំឡុងពេលជិត ២ឆ្នាំនោះ កញ្ញា​ Hill ត្រូវស៊ូទ្រាំនឹងខ្យល់ព្យុះកាចសាហាវ សីតុណ្ហភាពត្រជាក់ខ្លាំង ភាពឯកា​ និងសម្ពាធគ្រប់បែបយ៉ាងពីក្រុមហ៊ុនកាប់ឈើ។ សកម្មភាពដ៏ក្លាហានរបស់នាងបានក្លាយជាយុទ្ធនាការតវ៉ាការពារដើមឈើដ៏យូរ និងល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលបានជួយសង្គ្រោះដើម Luna និងជំរុញទឹកចិត្តដល់សកម្មជនបរិស្ថានជុំវិញពិភពលោក។

យ៉ាងណាមិញ យុទ្ធនាការនេះបានបញ្ចប់ទៅវិញដោយ​ការ​កត់សម្គាល់​នូវ​ភាព​ជោគជ័យ បន្ទាប់ពីមានកិច្ចព្រមព្រៀងការពារដើមឈើ Luna និងតំបន់ជុំវិញនោះជាអចិន្ត្រៃយ៍។ បច្ចុប្បន្ន ដើមឈើបុរាណនេះនៅតែឈរយ៉ាងរឹងមាំ និងជាបំណែកភស្តុតាងដ៏មានឥទ្ធិពលដែលបង្ហាញថា មនុស្សម្នាក់ក៏អាចបង្កើតការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់ពិភពលោកបានដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម