ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ថា មហោស្រពមិត្តភាពកម្ពុជា-ចិន ជាចលករលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសទាំងពីរ
មន្ត្រីជាន់ខ្ពស់កម្ពុជា ថា មហោស្រពមិត្តភាពកម្ពុជា-ចិន ជាចលករដ៏សំខាន់រួមចំណែកការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ខណៈឆ្នាំនេះជាឆ្នាំដែលភាគីទាំងពីរ បានកំណត់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ការថ្លែងបែបនេះរបស់លោក វង្សី វិស្ស៊ុត នៅក្នុងពិធីបើកមហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណងការទូតកម្ពុជា-ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំចាប់តាំងពីសម័យហ្វូណន ហើយសៀមរាបអង្គរក៏ជាទីក្រុងដែលចិនធ្លាប់បានមកដល់ និងធ្វើទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដូចមានតឹកតាងឆ្លាក់នៅលើប្រាង្គប្រាសាទ និងក្នុងកំណត់ហេតុរបស់បេសកទូតចិន ជីវ តាក្វាន់។
ក្នុងសហសម័យនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ត្រូវបានពូនជ្រំក្រោមដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់ ពិសេសព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសចិន គឺលោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ និងបានបន្តរីកលូតលាស់ក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដោយបានប្រែក្លាយទៅជាដៃគូកិច្ចសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០១០ និងបានបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដំបូងគេនៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៩ និងបានវិវត្តទៅជាចំណងមិត្តភាពដែកថែបដ៏រឹងមាំ។
ក្នុងអាណត្តិដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសទាំងពីរនៅតែអាចបន្តរក្សាបានចំណងមិត្តភាពដែកថែបដ៏រឹងមាំនេះ និងបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រគ្នាទៅវិញទៅមក ការពារផលប្រយោជន៍រួមប្រទេសទាំងពីរផងដែរ។ ទាំងនេះជាលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

នៅចំពោះវត្តមានចូលរួមរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ក្នុងពិធីនេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៅក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន សម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។

ដូច្នេះ តាមរយៈមហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤នេះ គឺជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន អំពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់នៃប្រទេសទាំងពីរ និងកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជឿជាក់ថា មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នឹងរឹតចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានចែករំលែកទស្សនៈមានតម្លៃមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការតភ្ជាប់ប្រជាជននិងប្រជាជន ពិសេសយុវជន និងសហគ្រិនវ័យក្មេង ដោយចំណងមិត្តដែលកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានបង្អែកដ៏រឹងមាំនៃទំនាក់ទំនងរវាងផ្លូវរដ្ឋនិងរដ្ឋ ហើយការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ពិសេសការស្វែងយល់ ការស្គាល់ និងការយល់ដឹងពីតម្លៃនៃវប្បធម៌ និងប្រពៃណីនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ គឺការលើកកម្ពស់ និងការជំរុញវិស័យទេសចរណ៍ ព្រមទាំងការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ពិសេសសហគ្រិនវ័យក្មេង។
សូមជម្រាបថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ និងជាវេទិកាមួយដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងទស្សនៈ តាមរយៈការបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា និងសកម្មភាពនានា ជាពិសេសសម្រាប់យុវជន និងសហគ្រិនតាមរយៈការផ្លាស់ប្ដូរចំណេះដឹងនិងកម្មវិធីអភិវឌ្ឍន៍នានាសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ សង្គម នយោបាយ និងបច្ចេកវិទ្យា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


