Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ ៧ មករា ប្រជុំពង្រឹង និងជំរុញមន្ត្រីតាមច្រកចេញចូលតែមួយ បម្រើពលរដ្ឋឲ្យមានតម្លាភាព

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ ៧ មករា ក្រោម​ការ​ដឹកនាំ​របស់ លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ តែងតែ​ជំរុញ​ដាក់​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់​ការិយាល័យ បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ លឿន​រហ័ស ទាន់​ពេលវេលា តាម​តម្រូវ​ស្នើ​សុំ​របស់​ពលរដ្ឋ តាម​ជំនាញ​នីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ រដ្ឋបាល​ខណ្ឌ ៧ មករា លោក ថេង សុថុល បាន​ដឹកនាំ​ប្រជុំ​ពង្រឹង​ការងារ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ខណ្ឌ និង​យន្តការ​ច្រក​ចេញ​ចូល​តែមួយ​តាម​បណ្ដា​សង្កាត់ ការ​ប្រើប្រាស់​បង្កាន់ដៃ និង​ឆ្លុះ​បញ្ចាំង​លើ​លទ្ធផល នៃ​ការ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​អធិការកិច្ច។

លោក ថេង សុថុល លើក​ឡើង​ថា លោក​តែងតែ​ចុះ​ត្រួត​ពិនិត្យមើល​តាម​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ខណ្ឌ និង​យន្តការ​ច្រក​ចេញ​ចូល​តែមួយ​តាម​បណ្ដា​សង្កាត់ និង​ណែនាំ​ឲ្យ​មន្ត្រី យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​ទាន់​ចិត្ត ទាន់​ពេលវេលា និង​មាន​តម្លាភាព។

លោក​អភិបាល​បន្ថែម​ទៀត​ថា កន្លងមក​រហូត​បច្ចុប្បន្ន​នេះ លោក​តែងតែ​ឆ្លៀតពេល​ពី​ការងារ​ចាំបាច់​ផ្សេងៗ ចុះហត្ថលេខា​ដោយ​ផ្ទាល់​លើ​ឯកសារ​នីត្យានុកូលកម្ម​ជូន​ប្រជាពលរដ្ឋ ទោះ​ក្នុង​កាលៈទេសៈ​មមាញឹក​យ៉ាងណា​ក្តី ក៏​នៅតែ​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ។

ជា​ចុងក្រោយ​រដ្ឋបាល​ខណ្ឌ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ផ្ដល់​ព័ត៌មាន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ជាពិសេស​បញ្ហា​ការ​ផ្ដល់​សេវា​សាធារណៈ​សូម​ឲ្យ​ពលរដ្ឋ​មក​ទទួល​សេវា​ដោយ​ផ្ទាល់ កុំ​ប្រើប្រាស់​សេវា​លើ​អ្នក​រត់ការ នាំ​ឲ្យ​ខាតបង់​ថវិកា និង​ពេលវេលា៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម