Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីព្រមានថា បើអង្គការណាតូដាក់កងរក្សាសន្តិភាពនៅប្រទេសអ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងប្លុកយោធាដឹកនាំដោយអាមេរិក ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទ័ពណាតូ (រូបថត៖ EPA)

ការព្រមាននេះគឺចេញពីអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ដែលបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT

ក្នុងខ្លឹមសារនៃការបង្ហោះរបស់លោក Medvedev, អតីតប្រធានាធិបតីរុស្ស៊ីរូបនេះលើកឡើងថា នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង។ ពួកគេគួរពិគ្រោះយោបល់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សិនទៅ។

លោក Dmitry Medvedev (រូបថត៖ Sputnik)

ការព្រមានរបស់លោក Medvedev កើតឡើងបន្ទាប់ពីអាមេរិកនិងអង់គ្លេស លើកឡើងម្តងហើយម្តងទៀតអំពីលទ្ធភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីធានាសន្តិសុខសុវត្ថិភាព បន្ទាប់ពីចប់សង្គ្រាម។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ប្រទេសរបស់លោកនិងបារាំង នឹងដឹកនាំក្រុមចម្រុះមួយ ដើម្បីដាក់ទ័ពទៅអ៊ុយក្រែន ជាការគាំទ្រផ្នែកយោធានៅពេលណា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូត្រូវបានឈានដល់។

Keir Starmer (រូបថត៖ Reuters)

លោក Starmer បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំបន្ទាន់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុបជាច្រើនរូបដូចជាប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Olaf Scholz, នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងមេដឹកនាំផ្សេងទៀតរួមមាននាយករដ្ឋមន្រ្តីកាណាដា Justin Trudeau, ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងអគ្គលេខាធិការអង្គការណាតូ Mark Rutte។ 

យោងតាមលោក Starmer, ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមដាក់ទ័ពទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះទៅផងដែរ។ លោកអះអាងថា «យើងគាំទ្រអ៊ុយក្រែនទាំងជើងគោកនិងអាកាស ជាមួយប្រទេសអឺរ៉ុបផ្សេងទៀត»។

យ៉ាងណាចំពោះផែនការនេះ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចហើយ ដោយចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ ហើយថែមទាំងគំរាមសងសឹកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ​ថា ណាតូ​ទទួល​​បាន​លុយ​រាប់រយពាន់​លាន​​​ដោយសារ​តែ​លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម