ព័ត៌មានជាតិ
ក្រសួងការងារ និង ស្ថាប័នពាក់ព័ន្ធ កំណត់ជា ៣ ដំណាក់កាល ផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និង សុវត្ថិភាព
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៩ មីនា នេះថា ក្រសួងការងារដែលមានបេឡាជាតិសន្តិសុខសង្គម ជាសេនាធិការ តាមរយៈក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានសហការជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានកំណត់ជា ៣ ដំណាក់កាល ដើម្បីជំរុញការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និងសុវត្ថិភាព។

លោកអគ្គនាយករង ប.ស.ស បានបន្តថា ក្នុងនោះដំណាក់កាលទី ១ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមកអង្គុយ ដោយរៀបចំឱ្យមានបន្ទះក្ដារ ឬរនូតដែក ឬឈើ មានការថយចុះចំនួនផ្ទុក ១៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាលទី ២ ជំរុញការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរដោយកែលម្អឱ្យមានកៅអីអង្គុយ និងមានដំបូល ថយចុះចំនួនផ្ទុក ២៣% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ នៅត្រឹមដំណាច់ឆ្នាំ ២០២៦ និងដំណាក់កាលទី ៣ ជំរុញការផ្លាស់ប្ដូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករមករថយន្តប្រភេទដឹកអ្នកដំណើរ ឬដោយកែលម្អឱ្យមានកៅអីអង្គុយសមរម្យ និងមានដំបូល ថយចុះចំនួនផ្ទុក ៣៦% ដោយធៀបនឹងចំនួនផ្ទុកមុនពេលកែលម្អ។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ថា ការកំណត់ជា ៣ ដំណាក់កាល ដើម្បីជំរុញការផ្លាស់ប្តូរ ឬកែលម្អរថយន្តដឹកកម្មករឱ្យមានផាសុកភាព និងសុវត្ថិភាពនេះ ដោយសារតែម្ចាស់រថយន្តដឹកកម្មករ-និយោជិតនៅមិនទាន់មានលទ្ធភាពធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញមករថយន្តដឹកអ្នកដំណើរបាន ក៏ព្រោះតែរថយន្តប្រភេទដឹកអ្នកដំណើរមានតម្លៃថ្លៃ ស៊ីប្រេងច្រើន និងត្រូវជួសជុលថែទាំញឹកញាប់ ជាងរថយន្តប្រភេទដឹកទំនិញ និងមិនអាចចូលដល់ក្នុងភូមិបាន ព្រោះស្ថានភាពផ្លូវតូចចង្អៀត។ អ្នកបើកបរមួយចំនួនធំ កំពុងជាប់បំណុលជាមួយធនាគារ។ ការផ្ទុកកម្មករលើរថយន្តបានចំនួនតិចជាងមុន ហើយបើដំឡើងថ្លៃធ្វើដំណើរវានឹងប៉ះពាល់ដល់កម្មករ និងរោងចក្រ សហគ្រាស គ្មានលទ្ធភាពបន្ថែមប្រាក់ធ្វើដំណើរជូនកម្មករ។

យ៉ាងណាក៏ដោយយោងតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តការងារនេះយ៉ាងយូរត្រឹមបំណាច់ឆ្នាំ ២០២៧។

គួរបញ្ជាក់ថា ឆ្នាំ ២០២៤ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្រង់ស្ថិតិរថយន្តដឹកកម្មករ បានសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្តប្រភេទដឹកទំនិញ មានចំនួន ១ ៩៦៣ គ្រឿង (រថយន្តបានកែលម្អឱ្យមានកៅអីអង្គុយមានចំនួន ២៦៧ គ្រឿង) និងរថយន្តប្រភេទដឹកអ្នកដំណើរស្របតាមលក្ខណៈបច្ចេកទេស មានចំនួន ១ ៣៦៩ គ្រឿង។
ជាមួយគ្នានេះ ក្រុមការងារ ស.ផ.ក នៃ ប.ស.ស. បាននិងកំពុងសហការជាមួយអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីចុះស្រង់ស្ថិតិអ្នកបើកបររថយន្តដឹកកម្មករសម្រាប់ឆ្នាំ ២០២៥ នេះផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


