ព័ត៌មានជាតិ
សហជីពនៅកម្ពុជាថា រាជរដ្ឋាភិបាលបានលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ
សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់ដែរ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា «រាជរដ្ឋាភិបាលតាមរយៈលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺបានបង្ហាញការតាំងចិត្ត និងយុទ្ធសាស្រ្តជាច្រើនដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិតដែលជាអាទិភាពដ៏សំខាន់បំផុត»។
លោកបន្តថា «រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ បង្កើនផលិតភាពការងារដែលមានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ ជាពិសេសលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដារខ្ពស់ដូចបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីដែរ»។

បើតាមលោក សំ សឿន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ(២០២៤-២០២៨)របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារផងដែរ។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោងប៊ីហ្វែសស៊ី (BFC) និងម្ចាស់ពាណិជ្ជសញ្ញា (Brand)ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តន៍បានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។
ចំពោះលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ បានថ្លែងថា «ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» គឺសុទ្ធសឹងតែជាផែនការលើកកម្ពស់ទំនួលខុសត្រូវសង្គម និងពង្រឹងប្រសិទ្ធភាព និងគុណភាពស្របតាមស្ដង់ដារអន្តរជាតិដូចទៅនឹងបណ្ដារប្រទេសក្នុងតំបន់ដែរ»។

លោកបន្តថា ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១.៥លាននាក់ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានគិតគូ ហើយក៏ជាផ្នែកមួយចង់ឱ្យមានគុណភាព ទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតផលដោយអន្តរជាតិ។
លើសពីនេះ លោកបានកត់សម្គាល់ឃើញថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌ណាមួយ។ ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសេរីភាពកម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។
សហជីពលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដារអន្តរជាតិ។ ចំណែកអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


