Connect with us

ព័ត៌មានអន្ដរជាតិ

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

បានផុស

នៅ

គ្រាន់តែការចរចារវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីចប់ភ្លាម ស្រាប់តែនៅទីក្រុងទីរ៉ាណា នៃប្រទេសអាល់បានី ឯណោះប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេសទៀត បានចាប់ទាញទូរស័ព្ទ call ទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ភ្លាម ដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចពិភាក្សានោះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥​ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម Telegram បង្ហាញពីរូបលោកអង្គុយជាមួយប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Friedrich Merz, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំប៉ូឡូញ Donald Tusk កំពុងនិយាយទូរស័ព្ទជាមួយប្រមុខសេតវិមាន ដូណាល់ ត្រាំ ខណៈអ្នកទាំង៥ កំពុងស្ថិតក្នុងកិច្ចប្រជុំកំពូល «សហគមន៍នយោបាយអឺរ៉ុប» ដែលមានការចូលរួមពីសំណាក់មេដឹកនាអឺរ៉ុបមកពី៤០ប្រទេស។

ក្នុងខ្លឹមសារដែលបង្ហោះលើ Telegram លោកហ្សេលេនស្គីនិយាយថា «យើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល។ អ៊ុយក្រែន ត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ ហើយវាពិតជារឿងសំខាន់ណាស់ ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំ។ ប្រសិនបើទីក្រុងមូស្គូបដិសេធបទឈប់បាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះ ពិភពលោកត្រូវតែដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះ ដើម្បីបង្ខំពួកគេឲ្យធ្វើសម្បទាន។ ត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូត ទាល់តែទីក្រុងមូស្គូត្រៀមខ្លួនរួចស្រេចដើម្បីបញ្ចប់ជម្លោះ»។

(រូបថត៖ Telegram របស់លោក ហ្សេលេនស្គី)

ការលើកឡើងរបស់លោក ហ្សេលេនស្គី បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំអឺរ៉ុបទាំង៤ ដែលសុទ្ធសឹងបង្ហាញជំហរបន្តជួយអ៊ុយក្រែន និងប្រឆាំងរុស្ស៊ីដាច់ខាត។

សូមជម្រាបថា កិច្ចពិភាក្សា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល មានរយៈពេល​ជាង៩០នាទី ដោយប្រធានគណៈប្រតិភូរុស្ស៊ី Vladimir Medinsky និយាយថា ទីក្រុងមូស្គូពេញចិត្តនឹងលទ្ធផលនេះណាស់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចាជាមួយក្រុងគៀវ ហើយភាគីទាំងពីរនឹងចាប់ផ្តើមដាក់ចេញផែនការលម្អិតអំពីបទឈប់បាញ់នាពេលអនាគត។

ក្នុងការចរចានោះ រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ព្រមព្រៀង​ដោះដូរ​អ្នក​ទោសម្ខាង ១ ០០០នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដែលនេះជាការដោះដូរទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងកាលពីជាងបីឆ្នាំមុន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម