Connect with us

ព័ត៌មានជាតិ

គិត ម៉េង៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មតំបន់ និងសកល ​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់​កម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ន ធុរកិច្ចនៅទូទាំងពិភពលោក កំពុងស្វែងរកការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការកើនឡើងថ្លៃដើមផលិតកម្មនៅក្នុងមជ្ឈមណ្ឌលប្រពៃណី និងតម្រូវការសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ជាងមុន ដូច្នេះកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនេះ។

ការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េងធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន សណ្ឋាគារ New Otani ទីក្រុង តូក្យូ ប្រទេសជប៉ុន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែក ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយស​ក្នុងសន្និសីទអន្តរជាតិ​ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី​ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» ។

អ្នកឧកញ៉ាបានថ្លែងថា ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក​ ​ភាពមិនច្បាស់លាស់ជុំវិញ​គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការអូសបន្លាយពេលនៃបញ្ហាភូមិសាស្រ្តនយោបាយបានកំពុងដាក់សំពាធដល់ធុរជន និងវិនិយោគិន ធ្វើឱ្យពួកគាត់ផ្អាកធ្វើការពង្រីកអាជីវកម្ម និងវិនិយោគ ដើម្បីរង់ចាំនូវស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចសកល។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ប្រទេសកម្ពុជាមានទីតាំងដ៏ល្អបំផុត​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាបង្ហាញសំណើវិនិយោគដ៏គួរឱ្យទាក់ទាញនៅក្នុងប្លុកសេដ្ឋកិច្ចអាស៊ានដែលមានកំណើន​ខ្ពស់។

«ប្រទេសកម្ពុជាមានទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រៀមខ្លួនជាស្រេចដើម្បីទទួលយកអត្ថប្រយោជន៍ពីការព្យាករណ៍កំណើនរបស់អាស៊ានទៅជាជាប្រទេសដែលមានសេដ្ឋកិច្ចធំ​ជាង​​គេ​ទីបួនក្នុងពិភពលោកនៅឆ្នាំ២០៣០ ដោយមានផលិតផលក្នុងស្រុកសរុបចំនួន ១០ទ្រីលានដុល្លារ»។ នេះបើតាមអ្នកឧកញ៉ា គិត ម៉េង។​

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​ មានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅប្រទេសជប៉ុននៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ថា កម្ពុជាកំពុងអនុវត្ត​សកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សង្គ្រាម​ពាណិជ្ជកម្ម មិនប៉ះពាល់ដល់គ្រប់វិស័យទាំអស់នោះទេ ចំពោះវិស័យដែលរងផលប៉ះពាល់ យើង​គួព្យាយាម​កែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ ខណៈរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីជួយគាំទ្រដល់កម្មករ និងឧស្សាកម្មដែលរងផលប៉ះពាល់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិបត្តិ​ក៏​នាំមកនូវឱកាស ស្ថាន​ភាព​បច្ចុប្បន្ន​បានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង​នូវសមត្ថភាព​ឧស្សា​ហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។

កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរក​ឧស្សា​ហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹង ខណៈរាជ​រដ្ឋាភិបាល កំពុងអនុវត្តនូវសកម្មភាព និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យ​យានយន្ត និងអេឡិកត្រូនិកកម្ពុជា ដើម្បីទាក់ទាញ​ការវិនិយោគ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «យើងក៏បានបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជាតំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្ម ដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជាការកែច្នៃ​ផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហ​គ្រាសក្នុងស្រុកមួយចំនួន ជាមួយ​ខ្សែច្រវាក់ផ្គត់ផ្គង់ និងការទាក់ទាញឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់»។

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ទំហំនៃការនាំចេញ-នាំចូលរបស់​កម្ពុជា​ជាមួយប្រទេសដៃគូអន្តរជាតិមានទឹកប្រាក់សរុប ១២,៤៩ ពាន់លានដុល្លារ ក្នុងនោះទំនិញ​កម្ពុជា​នាំចេញ ៦,២៦ ពាន់លានដុល្លារកើនឡើង ១៨ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៦,២៣ ពាន់លានដុល្លារ កើនឡើង ៦,៤ ភាគរយ។ ​នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ​១០ ខែមេសា ឆ្នាំ ២០២៤​។​

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបញ្ជាក់ទៀតថា ជាមួយស្ថេរភាពនរយោបាន និងសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្ស ប្រទេស​កម្ពុជា​កំពុងស្វែងរកផែនទី​បង្ហាញ​ផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចច្បាស់លាស់ ដោយកំណត់​គោលដៅ​ជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

«ពិភពលោកកំពុងតែផ្លាស់ប្តូរឥឡូវនេះ​ យើងកំពុងរស់នៅក្នុងពិភពលោកផ្សេង។ អាមេរិកកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្មឡើងវិញ។ អាស្រ័យហេតុនេះ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នា ទទួលយកឱកាសដ៏រស់រវើក​របស់​ប្រទេស​កម្ពុជា​ដោយផ្ទាល់»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ាដែលក៏ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់​កម្ពុជា រូបនេះ។​

​ វិធានការពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូលណាល់ ត្រាំបានធ្វើឱ្យបណ្តាស្ថាប័នអន្តរជាតិនានាធ្វើការ​កាត់បន្ថយការព្យាករ​កំណើនសេដ្ឋកិច្ចសកល។  អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) វិញ ថ្មីៗនេះបានព្យាករថា​ កំណើនសេដ្ឋកិច្ចពិភព​នឹង​ធ្លាក់ចុះ ០,៣ ភាគរយ ដោយសារតែរបាំងពាណិជ្ជកម្មពន្ធគយ ដោយ​ថា កំណើនសកល​អាច​នឹ​ងធ្លាក់ចុះពី ៣,៣ ភាគរយ នៅឆ្នាំ ២០២៤ មកត្រឹម ៣,១ ភាគរយ ឆ្នាំនេះ និង ៣ ភាគរយ នៅឆ្នាំក្រោយ​ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤%នៅឆ្នាំ២០២៥នេះ ដោយថយពីការព្យាករណ៍ក្នុងខែមករាក្នុងអត្រាកំណើន៥,៨%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យមេឃុំ រឹតបន្តឹងលើការគ្រប់គ្រងដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

កីឡា១០ នាទីutes មុន

ស្ថិតិ​ក្រុម​ទាំង​៣​ ត្រូវ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​ក្នុងពូល​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ព័ត៌មានជាតិ១២ នាទីutes មុន

គិត ម៉េង៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មតំបន់ និងសកល ​

ព័ត៌មានជាតិ១២ នាទីutes មុន

ថវិកាសរុបជិត ៤០ ម៉ឺនដុល្លារ ត្រូវបានអភិបាលរាជធានីនាំទៅប្រគល់ជូន កងទ័ពជួរមុខ ទិសព្រះវិហារ និងស្ទឹងត្រែង

សន្តិសុខសង្គម១៥ នាទីutes មុន

លោក ហង្ស សំណាង និងបក្ខពួកត្រូវបានបញ្ជូនដល់ស្នងការខេត្តស្វាយរៀង ដើម្បីសួរនាំបន្ត

Sokha Hotels

ព័ត៌មានពេញនិយម