ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភា លោក ចែម វីឌ្យ៉ា ត្រូវបានជ្រើសឱ្យកាន់ជាអគ្គលេខាធិការអន្តរសភាអាស៊ាន
សមាជិកជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា លោក ចែម វីឌ្យ៉ា ត្រូវបានឧទ្ទេសនាមជាបេក្ខភាពអគ្គលេខាធិការអន្តរសភាអាស៊ាន សម្រាប់អាណត្តិ៣ឆ្នាំ។ បេក្ខភាពលោក ចែម វីឌ្យ៉ា ត្រូវបានជ្រើសដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំការគាំទ្រក្នុងចំណោមមេដឹកនាំសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

បើតាមលោក ចែម វីឌ្យ៉ា តំណែងនៅស្ថាប័នសភាអាស៊ាននេះ មានអាណត្តិ៣ឆ្នាំ គឺពីឆ្នាំ២០២៥ ដល់២០២៨ ហើយបេក្ខភាពរបស់លោក នឹងត្រូវអនុម័តជាផ្លូវការក្នុងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាយប៉ា ឆ្នាំនេះ។
នៅពេលមានការអនុម័តព្រមយល់ជាផ្លូវការ លោក ចែម វីឌ្យ៉ា នឹងក្លាយជាឥស្សរជនខ្មែរទី២ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន បន្ទាប់ពីលោក កៅ គឹមហួន ជាឥស្សរជនខ្មែរទី១ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។

បច្ចុប្បន្ន លោក ចែម វីឌ្យ៉ា កំពុងកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ហើយលោក ក៏ជាអ្នកការទូតដ៏ឆ្នើម ប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងកម្រិតអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន។ អ្វីដែលគួរឱ្យសរសើរនោះ លោក ចែម វីឌ្យ៉ា មានសមត្ថភាពខ្ពស់អាចប្រើប្រាស់ភាសាបរទេសរហូតដល់ ៥ ភាសាឯណោះ ដូចជា អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងភាសាអេស្ប៉ាញ។

ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោកទទួលបានតួនាទីជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។
បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


