ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជនខ្មែរ ត្រូវតែរួបរួមគ្នា»
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជនខ្មែរ ត្រូវតែរួបរួមគ្នា» ដោយក្នុងនោះ ឯកឧត្ដម បានគូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី ២ និងទិសទី ៣ ខេត្តឧត្តរមានជ័យ នាទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពីមជ្ឈដ្ឋានផ្សេងៗ គ្នា ក្នុងនោះ មានតំណាងមកពីវិស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្ដមសិក្សា ដែលបានចំណាយពេលវេលា និងធនធាន មកដល់ទីតាំង ដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ។ ទន្ទឹមនេះ ឯកឧត្ដម បានកោតសរសើរ និងបង្ហាញនូវមោទនភាពដែលទទួលបានភាពកក់ក្ដៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថយក្នុងការការពារបូរណភាពទឹកដី។

សាជាថ្មីម្ដងទៀត ឯកឧត្ដម ក៏បានថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៤០ លានរៀល មកកាន់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីផងដែរ។

អំណោយនាំយកមកប្រគល់ជូនកងទ័ព នាពេលនេះ គឺជាការចូលរួមពី សមាជិក សមាជិកា ស.ស.យ.ក វិស័យឯកជន គ្រឹះស្ថានអប់រំ និងប្រជាពលរដ្ឋ ដែលបង្ហាញពីការគាំទ្រពីសមរភូមិក្រោយ (ប្រជាជន) ដល់កងទ័ពឈរត្រៀមនៅសមរភូមិមុខ។

គួររំលឹកដែរថា កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដួចផ្ដើមរៀបចំកម្មវិធីដំណើរថ្មើរជើង “Solidarity March” ដែលមានការចូលរួមពីប្រជាជនកម្ពុជាប្រមាណ ១៥ ម៉ឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក្រោមស្មារតី“ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ”៕







-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន


