Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ សិស្សានុសិស្ស ត្រូវអភិវឌ្ឍន៍ជំនាញមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា សិស្សានុសិស្ស ត្រូវ​អភិវឌ្ឍន៍​ជំនាញ​មូលដ្ឋាន​ឱ្យបាន​រឹងមាំ​ ដើម្បី​អាច​រៀបចំខ្លួន​បាន​គត់មត់ និង​ទាន់ពេល​ សម្រាប់​ភាពជោគជ័យ​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ការចាប់យក​វិជ្ជាជីវៈ​នាពេល​អនាគត​ ពិសេស​ឆ្លើយតប​ទៅនឹង​យុគសម័យ​ឌីជីថល​ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រចាំឆ្នាំ​សិក្សា ២០២៤-២០២៥ នៃ​សាលា​អន្តរជាតិ​ទ្រូ​វី​ហ្សិ​ន​កម្ពុជា​ កាលពី​រសៀល​ថ្ងៃទី​ ២៦ ​កក្កដា ​លោក​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ឱ្យ​សិស្សានុសិស្ស​ ត្រូវ​ចេះ​ជំនាញ​ថ្មីៗ នៅក្នុង​យុគសម័យ​ឌីជីថល ក្នុងនោះ​រួមមាន ចំណេះដឹង​ផ្នែក​ឌីជីថល ការវាយតម្លៃ​ព័ត៌មាន ការយល់ដឹង​អំពី​សុវត្ថិភាព​តាម​អ៊ីនធឺណិត ការប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព ជំនាញ​សហការ ការ​ត្រិះរិះ​ពិចារណា និង​ការដោះស្រាយ​បញ្ហា ការ​សរសេរ​កូដ និង​ការគិត​ក្នុងការ​គណនា ការ​សម្រប​ខ្លួន​ទៅនឹង​ការ​ផ្លាស់ប្ដូរ ការយល់ដឹង​ពី​វប្បធម៌​ នៃ​ជាតិ​សាសន៍​ដទៃ​ និង​ការគ្រប់គ្រង​ខ្លួនឯង និង​ការគ្រប់គ្រង​ពេលវេលា។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ថែមថា ​ជំនាញ​ជា​មូលដ្ឋាន​ដូច​បាន​រៀបរាប់​នេះ​ នឹង​ផ្តល់​ភាព​អង់អាច​ដល់​ក្មួយៗ ក្នុងការ​រស់នៅ និង​ទាញយក​ប្រយោជន៍​ពី​យុគសម័យ​ឌីជីថល​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ក្លាយខ្លួនជា​ពលរដ្ឋ​ឌីជីថល ប្រកបដោយ​ទំនួល​ខុសត្រូវ និង​សមត្ថភាព។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចូលរួម​អបអរសាទរ​ចំពោះ​សិស្ស​ជ័យលាភី ១៣៧​ នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​បញ្ចប់​ការសិក្សា​សម្រេចបាន​នូវ​ក្តី​ស្រមៃ​របស់ខ្លួន ដោយបាន​គូស​បញ្ជាក់​ថា លទ្ធផល​នា​ថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​ពី​ការ​រួមគ្នា​បណ្តុះបណ្តាល​កុលបុត្រ​កុលធីតា​ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អ្នក​បន្តវេន​ដ៏​មាន​សក្តានុពល​នាពេល​អនាគត​សម្រាប់​ប្រទេសជាតិ​យើង ជាពិសេស​បាន​នាំមក​នូវ​កិត្តិយស មោទនភាព ក្តីរំភើប​រីករាយ និង​ស្នាមញញឹម ជូន​ក្រុមគ្រួសារ​របស់​ក្មួយៗ និង​សូម​លើកទឹកចិត្ត​ក្មួយៗ​ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​នា​ពេល​អនាគត។

លោក​ឧបនាយករដ្ឋមន្ត្រី​ សង្ឃឹម​ជឿជាក់​ថា ក្មួយៗ​ ជ័យលាភី​ នាពេលនេះ នឹង​ខិតខំ​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​បន្តវេន​ប្រកបដោយ​សក្តានុពល និង​ជា​ធនធាន​ដ៏​មានតម្លៃ​សម្រាប់​សង្គមជាតិ​នាពេលខាងមុខ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម