Connect with us

ព័ត៌មានជាតិ

ប្រតិភូសភាអាមេរិកបញ្ជាក់ពី​ការ​បន្ត​តាមដានលើ​បទ​ឈប់បាញ់​កម្ពុជា-ថៃ

បានផុស

នៅ

ប្រតិភូសភាអាមេរិកបាន​បញ្ជាក់​ពី​ជំហរក្នុង​ការបន្ត​តាម​ដាន​នូវ​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ សំដៅធានាយ៉ាង​ណាប្រទេស​ទាំង​ពីរ​វិល​ត្រលប់​ទៅ​រក​សន្ដិភាព និង​សន្ដិភាព​ឡើង​។ នេះ​ជា​ការ​បញ្ជាក់​របស់​តំណាង​ប្រតិភូសភាអាមេរិកលោកស្រី Beth Van Duyne ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជាកាលពី​ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នៅ​វិមាន​សន្ដិភាពកាលពី​ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក ជា​ពិសេស​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ​ដែល​បាន​សម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃដែល​បាន​ជួយ​សង្គ្រោះអាយុជីវិត​មនុស្សជាច្រើន​នាក់។

សម្ដេច​បញ្ជាក់​ថា៖ «ហេតុនេះហើយ​បាន​កម្ពុជា​ស្នើ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់​ពានរង្វាន់​ណូបែលសន្តិភាព​ ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ»។

បន្ថែម​លើ​នេះសម្ដេច​ក៏​បាន​ថ្លែង​អំណរ​គុណចំពោះ​ការទម្លាក់​អត្រាពន្ធគយ​មក​នៅ​១៩​%ដល់​កម្ពុជា​ផងដែរ។

ក្នុង​ឱកាស​នេះ​លោកស្រីតំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ Beth Van Duyne ​បានបញ្ជាក់ពីជំហរបស់​សហរដ្ឋអាមេរិកក្នុង​ការគាំទ្រ​បទឈប់បាញ់​ និង​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡើងវិញ​ ហើយសហរដ្ឋ​អាមេរិកនឹង​បន្តយកចិត្តទុកដាក់តាមដានលើការងារនេះ។

គួរឱ្យ​ដឹង​ផងដែរថាគណៈប្រតិភូសភាអាមេរិកដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមមានលោក Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និងលោក Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ។

ដំណើរ​ទស្សនកិច្ច​របស់​តំណាង​សភាអាមេរិក​ពេល​នេះ​ស្របពេលខួប១ខែ​នៃ​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ចូល​ជា​ធរ​មាន​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដាកន្លង​ទៅ ដែល​ជា​ជោគ​ជ័យ​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​លោកប្រធានាធិបតី​ដូណាល់​ត្រាំ ដោយ​មាន​ការ​សម្របសម្រួលពី​ប្រធាន​អាស៊ាន​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម និង​ការ​រួម​ចំណែក​ពី​ប្រទេស​ចិនផងដែរ។ ទោះ​ជាយ៉ាង​ណា​ស្ថានភាពនៃ​បទ​ឈប់បាញ់ស្ថិត​ក្នុង​ភាព​ផុយស្រួយ​នៅ​ឡើយដោយ​ថៃ​តែងតែ​បន្ត​បំពាន​ជា​បន្តបន្ទាប់។

កាលពី​ថ្ងៃទី​២៧ ខែ​សីហា ​ឯកអគ្គរាជទូត និង​ជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា រាយការណ៍​ពី​ការរំលោភសិទ្ធិមនុស្ស និង​បំពាន​បទ​ឈប់បាញ់របស់​ថៃ​ ព្រមទាំង​បង្ហាញ​និង​ប្រគល់​ភស្ភុតាង​នៃ​ការ​រំលោភបំពាន​ទាំង​នេះ​ទៅ​ឱ្យ​​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិលោក António Guterres ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម