ព័ត៌មានអន្ដរជាតិ
ហ៊ូធីចាប់ខ្លួនបុគ្គលិក UN ១១នាក់ ក្រោយអ៊ីស្រាអែលផ្លោងគ្រាប់សម្លាប់នាយករដ្ឋមន្ត្រីយេមែន
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយឆ្មក់ការិយាល័យអង្គការសហប្រជាជាតិក្នុងរដ្ឋធានីសាណានៃប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យទី៣១ខែសីហាឆ្នាំ២០២៥ ដោយបានឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិយ៉ាងហោចណាស់ ១១នាក់។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បាននិយាយនៅថ្ងៃចន្ទនេះថា សកម្មភាពរបស់ក្រុមហ៊ូធី បានរំលោភលើកាតព្វកិច្ចជាមូលដ្ឋានក្នុងការគោរព និងការពារសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសមត្ថភាពរបស់បុគ្គលិកអង្គការសហប្រជាជាតិ ក្នុងការអនុវត្តការងារសំខាន់ៗរបស់ពួកគេនៅក្នុងប្រទេសយេម៉ែន។ ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា បុគ្គលិកទាំង ១១នាក់ត្រូវបាន«ឃុំខ្លួនដោយបំពាន» ដោយកងកម្លាំងហ៊ូធី។ លោកបានអំពាវនាវឲ្យមាន«ការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»។
ក្រុមហ៊ូធីបានសម្រុកចូលការិយាល័យរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ នៅក្នុងទីក្រុងសាណា។
ការវាយឆ្មក់នេះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់នាយករដ្ឋមន្ត្រីលោក Ahmed al-Rahawi និងយ៉ាងហោចណាស់សមាជិកជាន់ខ្ពស់ចំនួន៥នាក់ផ្សេងទៀតនៃរដ្ឋាភិបាលហ៊ូធី ដូចជា រដ្ឋមន្ត្រីការបរទេស Gamal Amer ឧបនាយករដ្ឋមន្ត្រី Mohammed al-Medani រដ្ឋមន្ត្រីអគ្គិសនី Ali Seif Hassan រដ្ឋមន្ត្រីទេសចរណ៍ Ali al-Yafei និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន Hashim Sharafuldin។ អនុរដ្ឋមន្ត្រីមហាផ្ទៃដ៏មានឥទ្ធិពលមួយរូប គឺលោក Abdel-Majed al-Murtada ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើគោលដៅក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែនបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅសមុទ្រក្រហម ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើង។ កាលពីថ្ងៃទី២១ខែសីហា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលបាលិស្ទិករបស់ហ៊ូធី ប្រដាប់ដោយគ្រាប់បែកចង្កោម ដែលជាការប្រើប្រាស់លើកដំបូងដោយក្រុមនេះចាប់តាំងពីឆ្នាំ២០២៣។
កន្លងមក ក្រុមហ៊ូធី ធ្លាប់បានចាប់ឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ បុគ្គលិកជំនួយ និងសកម្មជនសង្គមស៊ីវិលរាប់សិបនាក់។ កាលពីខែមករា អង្គការសហប្រជាជាតិបានផ្អាកប្រតិបត្តិការនៅតំបន់ Saada របស់ពួកឧទ្ទាម បន្ទាប់ពីបុគ្គលិករបស់អង្គការសហប្រជាជាតិ ៨នាក់ត្រូវបានឃុំខ្លួន៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


