សុខភាព
៨ ខែ ឆ្នាំនេះ ខេត្តសៀមរាប រកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ ករណីប៉ុណ្ណោះ ចំណោមការធ្វើតេស្តជាង ៨ ម៉ឺនករណី
រយៈពេល ៨ ខែ ចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ ២០២៥ ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប រួមមាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ បានធ្វើការស្រាវជ្រាវ និងធ្វើតេស្តរកជំងឺគ្រុនចាញ់សរុបបានចំនួន ៨២ ២៩៣ ករណី ក្នុងនោះ រកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់តែ ៣ ករណី ប៉ុណ្ណោះ សុទ្ធតែជាប្រភេទ វីវ៉ាក់ (Pv)។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីទាំង ៣ ខាងលើនេះដែរ ត្រូវបានកំណត់ថាជាករណីនាំចូល ដោយ ២ ករណី នាំចូលមកពីប្រទេសថៃ និង ១ ករណីទៀត នាំចូលមកពីខេត្តស្ទឹងត្រែង ដែលករណីនេះ បានបង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ការចម្លងក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី ក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ ២០២៥ នេះ ក្រុមការងារខេត្តសៀមរាប នឹងអនុវត្តយ៉ាងតឹងរ៉ឹងនូវសារាចរណែនាំស្ដីពីការគ្រប់គ្រងករណីជំងឺគ្រុនចាញ់នាំចូល។ សកម្មភាពនេះរួមមាន ការធ្វើការពិនិត្យ ស្រាវជ្រាវ និងព្យាបាលជំងឺគ្រុនចាញ់រាល់អ្នកធ្វើដំណើរមកពីក្រៅប្រទេស ឬតំបន់ប្រឈម។ ជាមួយគ្នានេះ ត្រូវពង្រឹងសមត្ថភាពក្រុមការងារបន្ថែម ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យ នៃជំងឺគ្រុនចាញ់ ស្វែងរកដំណោះស្រាយ និងបន្តសម្រេចឲ្យបាននូវគោលដៅលុបបំបាត់ជាស្ថាពរ។

លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវសុំកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ បន្តជួយផ្សព្វផ្សាយអំពីវិធីបង្ការជំងឺដែលឆ្លងដោយសារសត្វមូស ដូចជា ការគេងក្នុងមុង ការសម្អាតបរិស្ថាន និងកម្ចាត់ជម្រកមូសជាដើម។ ជំរុញបញ្ហានេះ បន្ថែមទៅតាមសាលារៀន , អប់រំផ្សព្វផ្សាយដល់ភ្ញៀវទេសចរដែលទៅតំបន់ប្រឈម , ផ្សព្វផ្សាយតាមមូលដ្ឋាន ជាពិសេសជំរុញជាសំខាន់តាមប្រព័ន្ធផ្សព្វផ្សាយ៕
អត្ថបទ ៖ គឿន វេត




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


