Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់និងបំណាក់ដីសម្លាប់មនុស្ស៦៣នាក់នៅនេប៉ាល់និងឥណ្ឌា

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់ ៦៣នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាបំណាក់បាក់ដី និងទឹកជំនន់ភ្លាមៗ នៅទូទាំងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទឹកទន្លេហក់ឡើងនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ (រូបភាព៖ Reuters)

នៅប្រទេសនេប៉ាល់ មនុស្សយ៉ាងតិច ៤៣ នាក់បានស្លាប់ ដោយស្រុក Illam ក្នុងខេត្ត Koshi ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។ ភ្លៀងធ្លាក់ខ្លាំងនេះ ចាប់តាំងពីថ្ងៃសុក្រមកម្លេះ ធ្វើឱ្យទន្លេហូរហៀរ ផ្លូវថ្នល់ត្រូវបិទ ហើយជើងហោះហើរត្រូវផ្អាកដោយជាប់គាំងអ្នកដំណើររាប់រយនាក់ដែលត្រឡប់មកពីពិធីបុណ្យ Dashain ខណៈនៅទីក្រុង Kathmandu ទឹកទន្លេហក់ឡើងបង្កការជនលិចលំនៅដ្ឋាន ។

មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងព្យាយាមដើម្បីទៅដល់តំបន់ដាច់ស្រយាល ដោយពឹងផ្អែកលើឧទ្ធម្ភាគចក្រ ម៉ូតូទឹក និងថ្មើរជើង។ ជាកាឆ្លើយតបនាយករដ្ឋមន្ត្រីថ្មីនេប៉ាល់លោកស្រី Sushila Karki បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈ ដោយបានជំរុញឱ្យពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយបានសន្យាថានឹងផ្តល់ជំនួយសង្គ្រោះពេញលេញ។

នៅប្រទេសឥណ្ឌាឯណោះវិញ ក្នុងស្រុកភ្នំ Darjeeling នៅ West Bengal ត្រូវរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ភ្លាមៗ និងបំណាក់ដី ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ និងបង្កការខូចខាតយ៉ាងទូលំទូលាយដល់ផ្ទះពលរដ្ឋ ស្ពាន និងផ្លូវថ្នល់។ បុគ្គលិកជួយសង្គ្រោះបានដាក់ពង្រាយខ្សែកាបដើម្បីចូលទៅកាន់តំបន់ដាច់ស្រយាល ខណៈដែលនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសម្តែងការសោកស្ដាយចំពោះការបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាភ្លៀងមូសុងតែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅអាស៊ីខាងត្បូង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកវាកាន់តែមានគ្រោះថ្នាក់។ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លៀងកាន់តែខ្លាំង និងមិនអាចទាយទុកជាមុនបាន ដែលបង្កើនឱកាសនៃទឹកជំនន់ និងបំណាក់ដីលឿន ជាពិសេសសហគមន៍ភ្នំមានហានិភ័យខ្ពស់ជាងគេដោយសារតែដីចោត និងផុយស្រួយ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម