Connect with us

សេចក្ដីជូនដំណឹង

ម្ចាស់ស្នាដៃសៀវភៅ គុណធម៌“សុជីវធម៌” រំពឹងថា នឹងរួមចំណែកកសាងមនុស្សមានគុណភាពក្នុងសង្គម

បានផុស

នៅ

ក្នុងបរិបទសង្គមកំពុងផ្លាស់ប្ដូរឈានឆ្ពោះទៅរកភាពរីកចម្រើន ការកែលម្អគុណភាពមនុស្សក្លាយជាបញ្ហា សំខាន់មួយ ដែលទាមទារការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ខណៈការអប់រំមិនអាចផ្អែកតែចំណេះដឹង ឬទម្លាប់ការអានប៉ុណ្ណោះបានទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការលើកកម្ពស់គុណធម៌ និងសុជីវធម៌ ដើម្បីបង្កើតសង្គម មានគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របនឹងតម្រូវការនេះ លោក យិន សុភាព ស្ថាបនិក និងជានាយកនៃសាលារៀនគ្រូយើង បានសម្រេចបោះផ្សាយស្នាដៃសៀវភៅជាលើកដំបូង ក្នុងឱកាសពិធីប្រគល់លិខិតសរសើរ និងសម្ពោធសៀវភៅ «គុណធម៌» ភាគទី១ ដែលផ្តោតលើប្រធានបទ «សុជីវធម៌» កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ សៀវភៅនេះ មានគោលបំណងរួមចំណែកជំរុញការផ្លាស់ប្ដូរសង្គម តាមរយៈការអប់រំ ដែលផ្តោត លើការកសាងមនុស្សឱ្យមានគុណភាព បម្រើប្រយោជន៍ដល់សង្គមជាតិ ដោយរួមបញ្ចូលទាំងចំណេះដឹង និងការកសាងបុគ្គលិកលក្ខណៈដ៏ល្អប្រសើរ។

លោកមើលឃើញថា សង្គមខ្មែរបច្ចុប្បន្នកំពុងប្រឈមនឹងការថយចុះ នៃការយកចិត្តទុកដាក់លើសីលធម៌ និងសុជីវធម៌ ព្រោះវប្បធម៌បរទេសកំពុងមានឥទ្ធិពលគួរឱ្យកត់សម្គាល់ ដែលអាចឱ្យអត្តសញ្ញាណ និងអត្តចរិតដើមរបស់ខ្មែរដ៏ល្អប្រពៃ អាចប្រឈមបាត់បង់។ ជាក់ស្តែង បញ្ហាតូចៗដែលមនុស្សជាច្រើន មិនសូវយកចិត្តទុកដាក់ ដូចជា ការរំខានដោយសំឡេងនៅទីសាធារណៈ ឬអាកប្បកិរិយាមិនសមរម្យ ចំពោះអ្នកដទៃ លោកបានចាត់ទុកជាសញ្ញាបង្ហាញពីការថយចុះនៃសុជីវធម៌ក្នុងសង្គមទៀតផង។

លោក យិន សុភាព ពន្យល់ដែរថា ប្រសិនបើមនុស្សម្នាក់ៗយល់ច្បាស់ពីតម្លៃអប់រំខាងលើនេះ ពោល គឺរស់នៅដោយគ្មានការបៀតបៀន និងគោរពគ្នាទៅវិញទៅមក នោះសង្គមនឹងមានសុខដុមរម្យនា ហើយអាចកាត់បន្ថយបញ្ហាសង្គមបានយ៉ាងមានប្រសិទ្ធភាព។ លោកថា ការអប់រំមនុស្សប្រកបដោយគុណភាព គឺជាគន្លឹះនាំទៅរកសន្តិភាព និងស្ថេរភាពក្នុងសង្គម មុននឹងបន្តពង្រីកឥទ្ធិពលទៅកាន់កម្រិតសាកល។

ជាមួយគ្នានេះ អ្នកគ្រូ យឹម សុគន្ធមាលា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍធនធានមនុស្ស បានសម្លឹងមើលឃើញពីភាពចាំបាច់ នៃការកសាងបុគ្គលិកលក្ខណៈមនុស្ស ឱ្យដើរទន្ទឹមនឹងចំណេះដឹង និងគូសបញ្ជាក់ថា ការកសាងមនុស្សប្រកបដោយគុណភាព គឺជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍសង្គម ឱ្យមានចីរភាព។

ផ្អែកលើបទពិសោធន៍ក្នុងវិស័យធនធានមនុស្សជាច្រើនឆ្នាំមកនេះ អ្នកគ្រូមើលឃើញថា ទស្សនៈអប់រំផ្អែកលើគុណធម៌ និងសីលធម៌ ទោះសាមញ្ញ ប៉ុន្តែមានឥទ្ធិពលខ្លាំងក្នុងការចូលរួមអភិវឌ្ឍសង្គម យ៉ាងស្ងាត់ស្ងៀម និងមានប្រសិទ្ធភាពខ្ពស់។

ហេតុនេះ អ្នកគ្រូលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងស្ថាប័នអប់រំ ចូលរួមយក ចិត្តទុកដាក់លើការបណ្តុះកុមារ និងយុវជន ឱ្យមានទាំងចំណេះដឹង គុណធម៌ និងសុជីវធម៌ ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់អនាគតសង្គមជាតិ។

គួរឱ្យដឹងដែរថា សៀវភៅនេះ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសពីស្ថាប័នអប់រំ និងអាណាព្យាបាលសិស្ស ដោយគិតត្រឹមតែការប្រកាសត្រៀមលក់ចែកចាយជាផ្លូវការ មានការកក់រាប់រយក្បាលទៅហើយ។
សៀវភៅ “គុណធម៌” អាចរកជាវបាននៅសាលារៀនគ្រូយើងទាំងបីសាខា ឬនៅបណ្ណាគារនានា ដែលជាដៃគូសាលារៀនគ្រូយើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម