វប្បធម៌ ជំនឿ
ល្បែងប្រជាប្រិយខ្មែរមានតាំងពីមុនសម័យអង្គរ
ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាពលរដ្ឋកម្ពុជាតាមសម័យកាលនីមួយៗ ពោលគឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាការចេះតៗគ្នា។ ល្បែងប្រជាប្រិយខ្លះត្រូវបានរកឃើញនៅចម្លាក់ប្រាសាទ ដែលយើងអាចសន្និដ្ឋានបានថា ល្បែងប្រជាប្រិយខ្មែរ មានកំណើត និងពេញនិយមតាំងពីមុនសម័យអង្គរ ទើបបុព្វបុរសលើកយកទៅឆ្លាក់ជាប់លើជញ្ជាំងប្រាសាទបែបនេះ។

លោក ហ៊ួន សាវង ជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះថា គេពុំអាចដឹងបានឡើយ ចំពោះពេលវេលា ឆ្នាំ ឬសតវត្សណាដែលល្បែងប្រជាប្រិយទាំងនោះចាប់កំណើត។ ប៉ុន្តែគេគួរយល់ថា “ល្បែងប្រជាប្រិយ” គឺកើតពេលមានមនុស្ស ដ្បិតវាកើតដោយសារមនុស្សលើកមកលេងកម្សាន្ត ឬលេងក្នុងកិច្ចណាមួយ។

លោក ហ៊ួន សាវង មានប្រសាសន៍បន្តថា៖ “ល្បែងខ្លះគេឃើញមានឆ្លាក់នៅលើចម្លាក់ប្រាសាទដែរ ដូចជាល្បែងវាយកូនគោល ល្បែងបោកចំបាប់ ល្បែងចត្រង្គ (អុក) ជាដើម។ ប៉ុន្តែល្បែងជាច្រើនទៀត គឺពុំអាចនរណាម្នាក់អះអាងច្បាស់លាស់ថា កើតក្នុងពេលណាបានឡើយ សូម្បីតែល្បែងបូមទឹកដាក់ដប ខាំមើមប៉ិគួៈ ជាដើម ដែលយើងដឹងថា ទើបនឹងកើតថ្មីៗក្តី ក៏កំណត់ឆ្នាំពុំបានដែរ”។

អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងបន្ថែមថា គេមិនមានបែងចែកល្បែងប្រជាប្រិយជាប៉ុន្មានប្រភេទឱ្យដាច់ណាត់បានទេ ដ្បិតល្បែងទាំងនោះអាចខុសគ្នា និងមានច្រើនរាប់មិនអស់នៅតាមស្រុកភូមិនានា អាស្រ័យតាមទម្លាប់ និងចំណូលចិត្តលេង និងអាស្រ័យតាមបរិបទនៃពេលវេលាផង។

លោក ហ៊ួន សាវង មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “សព្វថ្ងៃ បើនិយាយថា “ល្បែងប្រជាប្រិយ” គេច្រើនតែគិតរួមតូចមកសំដៅតែល្បែងលេងក្នុងឱកាសចូលឆ្នាំខ្មែរ ហើយរាប់ចាំមាត់ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម លោតបាយ…។ ប៉ុន្តែធាតុពិតមានល្បែងច្រើនជាងនេះ ហើយក៏ពុំមែនលែងតែក្នុងឱកាសចូលឆ្នាំដែរ”។

លោក ហ៊ួន សាវង បានឱ្យលើកឡើងថា ក្នុងឆ្នាំ១៩៦៤ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរបានប្រមូលចងក្រងល្បែងដែលខ្មែរធ្លាប់លេងបានមួយចំនួនតូច មានដូចជា ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល។ល។

គួរបញ្ជាក់ថា ប្រជាជនកម្ពុជានិយមលេង ល្បែងប្រជាប្រិយខ្មែរ នៅពេលទំនេរ ពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមវត្តអារាម តាមភូមិជាដើម។ យ៉ាងណាមិញ បច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ និងមិនសូវបានឃើញមានលេងផង៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


