Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសាធារណៈ និងឯកជន​ លេងល្បែងប្រជាប្រិយខ្មែរ ត្រៀមអបអរបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ ឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងបញ្ចៀសពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសាធារណៈ និងឯកជន​ រៀបចំកម្មវិធីកម្សាន្តលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតណែនាំ នាពេលថ្មីៗនេះ ក្រសួងអប់រំ បានណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ធ្វើយ៉ាងណា ឱ្យសិស្សានុសិស្ស និងយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងស្ដេចចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្តើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ។ល។ ព្រមទាំង រាំរបាំប្រជាប្រិយខ្មែរ ដូចជា របាំត្រុដិ គោះត្រឡោក គោះអង្រែ នារីជាជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កន្ទឺម។ល។ នៅមុនពេល និង អំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បន្ថែមពីនេះ ក៏បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន យុវជនស្ម័គ្រចិត្ត ឱ្យចូលរួមសហការ និងសម្របសម្រួល រៀបចំតុបតែងតាមបែបប្រពៃណី ដើម្បីគាំទ្រដល់ដំណើរការ លែងល្បែងប្រជាប្រិយ រាំរបាំប្រពៃណីជាតិ និងធានាបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយ។ ជាពិសេស លើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ ឬស្លៀកពាក់សមរម្យ ប្រកបដោយកាយវិការសុភាពរាបសានិងការទទួលខុសត្រូវខ្ពស់។

ក្រសួងមិនអនុញ្ញាតឱ្យលេងល្បែង និងរាំច្រៀងទាំងឡាយណាដែលផ្ទុយនឹងការណែនាំខាងលើ ចៀសវាង ការលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការរាំច្រៀងដែលមានកាយវិការមិនសមរម្យ ការប្រព្រឹត្តអំពើបៀតបៀន ការស្លៀកពាក់មិនសមរម្យ ការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់បារី គ្រប់ប្រភេទ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាដើម។

ជាមួយគ្នានេះ ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី គណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណា ព្យាបាល សហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មានអំពីបាតុភាពមិនប្រក្រតី និងការប្រព្រឹត្តមិនសមរម្យបង្កអំពើហិង្សា និងបាតុភាពអវិជ្ជមានផ្សេងទៀត ក្នុងគ្រឹះស្ថានសិក្សា ក្នុងន័យរួមចំណែកទប់ស្កាត់ និង ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ការណែនាំនេះ ត្រូវបានអនុញ្ញាតឱ្យអនុវត្តចាប់ពីថ្ងៃចាប់ផ្ដើមនៃវិស្សមកាល តូច និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម