វប្បធម៌ ជំនឿ
ឯកអគ្គរដ្ឋទូតអាមេរិក៖ កម្ពុជា ជាគំរូប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ក្នុងកិច្ចព្រមព្រៀងវប្បធម៌
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសតែមួយ គត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀង ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាមួយសហរដ្ឋអាមេរិក។ កម្ពុជា ជាគំរូសម្រាប់ប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតអាមេរិកនៅភ្នំពេញ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងលើកទី៥ ស្ដីពី កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមនី្ទរជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដែលនេះជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួស ជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

អនុស្សរណៈ នៃការយោគយល់គ្នា ជាលើកដំបូងត្រូវបានចុះហត្ថលេខានៅ ឆ្នាំ២០០៣។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈ នៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។

លោក W. Patrick Murphy មានប្រសាសន៍ថា ប្រទេសទាំងពីរមើលឃើញអំពីអំណាច នៃវប្បធម៌ ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ការបន្តអនុស្សរណៈ នៃការយោគយល់គ្នា រយៈពេល ៥ឆ្នាំទៀត អំពី “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុ ជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា” និងកាត់បន្ថយការលួចប្លន់ នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

លោក W. Patrick Murphy បានប្រកាស ផ្ដល់ជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារ អភិរក្សនៅប្រាសាទភ្នំបាខែង។

គួររម្លឹកថា តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការ អភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទ ព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញ នៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការ ការពារបេតិកភណ្ឌវប្បធម៌។
គួរបញ្ជាក់ថា “ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅទៅលើតំបន់ ដែលលាតសន្ធឹងរវាងមហាសមុទ្រពីរ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ជាទូទៅ ពាក្យនេះត្រូវបានគេប្រើ មិនមែនដើម្បីសំដៅត្រឹមតែទៅលើទីតាំងភូមិសាស្រ្តនោះទេ តែជាពាក្យដែលមានអត្ថន័យទាក់ទងនឹងភូមិសាស្រ្តនយោបាយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


