Connect with us

សេដ្ឋកិច្ច

​វិស័យទេសចរណ៍​កម្ពុជា ទាក់ទាញទុនវិនិយោគ​ជាង ៧០០ ​លានដុល្លារ

បានផុស

នៅ

វិស័យទេសចរណ៍កម្ពុជាសម្រេចបានការ​ទាក់ទាញគម្រោងវិនិយោគ​ចំនួន ៤៧ គម្រោង ដែល​មានទំហំទុនវិនិយោគ ៧០៨ ​លានដុល្លារ ​និងបង្កើតការងារបានចំនួន ​៥ ១៨៦ ​កន្លែង ​នៅក្នុងឆ្នាំ ​២០២៥។ ​នេះបើ​យោង​តាម​របាយ​ការណ៍របស់ក្រសួងទេសចរណ៍​ចេញផ្សាយនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ដដែល​បង្ហាញថា​ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤៧ មានគម្រោងចំនួន ៤​ ដែលមានទុនវិនិយោគ ១៧៥ លានដុល្លារ អនុម័តដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ចំណែកឯគម្រោងចំនួន ៣៨ មានទុន ៥០៦ លានដុល្លារ អនុម័ត​ដោយក្រុម​ការ​ងារ​វិនិយោគខេត្តព្រះសីហនុ និង​គម្រោងចំនួន ៥ មានទុនវិនិយោគ ២៧ លាន ​អនុម័ត​ដោយ​ក្រុម​ការ​ងារជំរុញ​ការវិនិយោគ​ ក្នុងខេត្ត​ភូមិភាគឦសាន។​

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រោយការពង្រឹងនូវការដាក់ចេញយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល មានគម្រោងវិនិយោគជាច្រើនកើតឡើង មានទាំងខ្នាតតូច ធំ និងខ្នាតមធ្យម។

លោក នី ផល្លី បន្ថែមថា៖ «ក្នុងនោះបងប្អូនរបស់យើងមួយចំនួន មានការប្រើប្រាស់ទុនក្នុងស្រុក​ ហើយមួយចំនួនទៀតក៏ចាប់ផ្ដើមចាប់យកដៃគូបរទេស»។​ វិស័យទេសចរណ៍កម្ពុជាមានកំណើនវិជ្ជមានទាំងបរិមាណ និងគុណភាព ដែលមានការវិនិយោគលើទេសចរណ៍បែបគុណភាព កម្រិតបង្គួរ ឬកម្រិតខ្ពស់។ 

លោក នី ផល្លី បញ្ជាក់ថា ការវិនិយោគនៅក្នុងវិស័យទេសចណ៍កាលពីដើមឆ្នាំ ២០២៥ មានកំណើនខ្ពស់ ដោយលោកបានលើក​ឧទារហណ៍ពីកម្មវិធីពិសេសនៅខេត្តព្រះសីហនុ មានទុនសរុបជាង ១ ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងវិស័យទេសចរណ៍ ដែលកំពុងដំណើរការ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​​នៅក្នុងឆ្នាំ ២០២៥ បានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ គម្រោង​ កើនឡើង ៥២% ដែល​មានទំហំ​ទុន​វិនិយោគ ១០ ពាន់លានដុល្លារ កើន​ ៤៥% ធៀបនឹងឆ្នាំ ២០២៤ ​និង​អាចបង្កើតការងារ ៤៣៨ ពាន់​កន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម