Connect with us

សេដ្ឋកិច្ច

ការកក់បន្ទប់ស្នាក់នៅ ក្នុងស្រុកស្រែអំបិល មានជាង ៧០% ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

តំបន់ទីតាំងស្នាក់នៅ និងរមណីយដ្ឋានមួយចំនួននៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានកក់ទុកជាង៧០ភាគរយ សម្រាប់ស្នាក់នៅលេងកម្សាន្តក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់ពេលឆាប់ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន ស៊ុនគេ តំណាងអ្នកគ្រប់គ្រងរីស៊តឆ្នេរសុភមង្គល ដែលមានមូលដ្ឋានស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី៩ ខែមេសានេះថា ទីតាំងផ្តល់សេវាកម្មស្នាក់នៅហូបចុករបស់លោក ត្រូវបានភ្ញៀវទេស​ចរ​កក់ទុកជាង៧០ភាគរយហើយ ដោយពួកគេនឹងមកស្នាក់នៅលំហែកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក ងួន ស៊ុនគេ បានបន្តថា បច្ចុប្បន្ន ពួកគាត់កំពុងសម្អាតធ្វើអនាម័យសោភណភាពតុបតែងលម្អបែបប្រពៃណីបង្កើនការទាក់ទាញភ្ញៀវទេសចរ និងសេវាកម្មកម្សាន្តរៀបរាយអស់ហើយ ដើម្បីទទួលភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ បញ្ជាទិញបន្លែត្រីសាច់ មកស្តុកទុកធ្វើអាហារជូនអតិថិជន និងអាហារខ្លះទៀតទិញពីប្រជានេសាទក្នុងមូលដ្ឋានដែលពួកគេចេញទូកទៅនេសាទដោយលើកពីទឹកស្រស់ៗតែម្តង។

បើតាមតំណាងអ្នកគ្រប់គ្រងរីស៊តឆ្នេរសុភមង្គល ទោះបីជាវិបត្តិប្រេងសាំងហក់ឡើងថ្លៃក៏ដោយ ក៏តំបន់ស្នាក់នៅកម្សាន្តរបស់លោក មិនតម្លើងថ្លៃសេវាកម្មនោះទេ ពោលគឺមានតែបញ្ចុះតម្លៃផងដែរ។

ក្នុងនោះបឹងកាឡា១ថ្លៃ៤៥ដុល្លារក្នុង១យប់។ កញ្ចុះអង្គុយលំហែជួល១ ថ្លៃ៥០០០០រៀល ប៉ុន្តែបើហៅម្ហូបអស់ពី​១៥០០០០រៀល ឡើងទៅមិនគិតថ្លៃកញ្ចុះនោះទេ។ រីស៊តឆ្នេរសុភមង្គល មានទេសភាពព្រៃកោងកាងបៃតងខ្ចីគួរឱ្យគយគន់ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ជិះទូកកម្សាន្ត ងូតទឹកសមុទ្រខៀវស្រងាត់ និងមានសួនកុមារផងដែរ។

លោក គួយ ឈួន តំណាងអ្នកគ្រប់គ្រងចេង ហេង ប៊ូទិក មានមូលដ្ឋាននៅភូមិនេសាទ ឃុំជ្រោយស្វាយ លើកឡើងដែរថា បឹងកាឡូរបស់លោក មានភ្ញៀវទេសចរកក់ទុកស្នាក់នៅប្រមាណ៦០ភាគរយហើយសម្រាប់មកស្នាក់នៅអំឡុងពិធីបុណ្យចូលឆ្នាំខាងមុខ។

លោក គួយ ឈួន បន្ថែមទៀតថា ការមកស្នាក់នៅកម្សាន្តនៅតំបន់រមណីយដ្ឋានរបស់លោក គឺគ្រប់ភ្ញៀវទេសចរមកចំណីអាហារចូលបានដោយសេរីមិនគិតថ្លៃសេវាកម្មទេ ក្រៅពីការស្នាក់នៅ។ ម៉្យាងទៀតបើភ្ញៀវចង់ទិញអាហារស្រស់ៗអាចទិញពីសហគមន៍នេសាទបាន ដើម្បីមកធ្វើម្ហូបពិសារជួបជុំគ្រួសារ។

មូលដ្ឋានស្រុកស្រែអំបិល អាចចាត់ទុកថាតំបន់សក្តានុពលមួយផ្នែកធំលើវិស័យទេសចរដែលទាក់ទាញអ្នកទេសចរមកលេងកម្សាន្តថ្ងៃបុណ្យទានខ្ទង់ម៉ឺននាក់ឯណោះ ដោយទីតាំងបង្កើនជារីស៊តថ្មីជាច្រើនកន្លែងទៀត។

ចំណែកអ្នកស្រី ស្រីដា និងកញ្ញា ណែត អ្នកទេសចរដែលតែងតែចាប់អារម្មណ៍មកលំហែកាយនៅតំបន់រមណីយដ្ឋានខាងលើ លើកឡើងថា ការដែលពួកគាត់ធ្វើដំណើរមកលេងកម្សាន្តនៅទីនេះជាលក្ខណៈដោយសារតែមានខ្យល់អាកាសបរិសុទ្ធល្អ ងូតទឹកកម្សាន្ត និងពិសារអាហារសមុទ្រស្រស់ៗ។ រីឯតម្លៃវិញទទួលបានមិនថ្លៃខ្លាំងនោះទេ។

អ្នកទេសចរក្នុងស្រុកដដែល យល់ថា រាល់ពេលបានមកលំហែនៅតំបន់ទេសចរណ៍ទាំងនេះបានធ្វើឱ្យអារម្មណ៍រំសាយរាល់ទុក្ខកង្វល់ ដោយជំនួសមកវិញនូវអារម្មណ៍ស្រស់ថ្លាបន្តការងារ និងធ្វើអាជីវកម្មបន្តទៀត៕

អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម