រាជរដ្ឋាភិបាល រំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ ដែលអាចបង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោល ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី នៅឆ្នាំ ២០៣៥។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ដ.ផ.ម បានលើកឡើងថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥) ដោយឈរលើចក្ខុវិស័យសំខាន់ៗ មានដូចជា កំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។
បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដោយស្នើដល់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក គ.ដ.ផ.ម មេត្តាយកខ្លឹមសារនិងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងដែលបានកំណត់ក្នុងផែនការមេ បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចឲ្យបានលទ្ធផលដូចបានកំណត់ក្នុងផែនការមេ ដោយឈរលើស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីព្រោះក្រសួងទេសចរណ៍ម្នាក់ឯង មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចឲ្យបានលទ្ធផលតាមផែនការដែលមានលក្ខណៈសមាហរណកម្មនេះទេ។
លោករដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវបន្តចាត់វិធានការចាំបាច់នានាឲ្យបានហ្មត់ចត់ ដើម្បីរក្សាឲ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សខេត្តមណ្ឌលគិរី រក្សាឲ្យបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ទន្ទឹមនឹងនេះ លោកក៏ស្នើអភិបាលខេត្តជួយសម្រួលដល់ការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឲ្យបានច្បាស់លាស់ ក្នុងយុទ្ធនាការនៃការចុះបញ្ជីដីធ្លីខេត្តមណ្ឌលគិរី ដើម្បីធានានិរន្តរភាពបានសម្រាប់ជាប្រយោជន៍របស់ខេត្ត។ កិច្ចការនេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានឯកភាពជាគោលការណ៍រួចហើយនាពេលកន្លងមក៕