ព័ត៌មានជាតិ
ពលរដ្ឋ ២ ភូមិ ត្រេកអរ ក្រោយទទួលបានផ្លូវលំថ្មី ១ ខ្សែ ប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ទីប្រជុំជនស្រុកកែវសីមា ងាយស្រួលធ្វើដំណើរ និងដឹកកសិផល
ប្រជាពលរដ្ឋចំនួន ២ ភូមិ គឺ ភូមិពូគង់ និងភូមិអូរច្រារ មានការត្រេកអរសប្បាយរីករាយជាខ្លាំង ក្រោយពីទទួលបានផ្លូវលំថ្មី ១ ខ្សែ ប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ឆ្ពោះទៅទីប្រជុំជនស្រុកកែវសីមា ដែលផ្លូវនេះងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។

កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ គណៈកម្មការអន្តរក្រសួងរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ជី ស៊ីថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងការងារផ្លូវជួសជុលថែទាំខួប ក្រាលល្បាយថ្មភ្នំ ក្នុងគម្រោងឆ្នាំ ២០២៤ ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ស្របពេលរដូវដាំដុះផលដំណាំនានា កំពុងដុះលូតលាស់ល្អ ងាយស្រួលដឹកជញ្ជូនកសិផល។

លោក ជី ស៊ីថា លើកឡើងថា ការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% លើគម្រោងការងារផ្លូវជួសជុលថែទាំខួប ១ ខ្សែ ក្នុងឃុំស្រែព្រះ ស្រុកកែវសីមា នាពេលនេះ សំដៅធ្វើយ៉ាងណាឲ្យគម្រោងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ចីរភាព សុវត្ថិភាព និងប្រសិទ្ធភាព ដោយប្រើប្រាស់បច្ចេកទេសឌីជីថលទំនើប ធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានសោភណភាព។

លោកបញ្ជាក់ថា ការជួសជុលផ្លូវ និងការថែទាំផ្លូវជាប្រចាំ នាពេលនេះ គឺជាខ្សែផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋដឹកផលិតផលនានា ទៅកាន់ទីផ្សារ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សា ការពារ និងថែទាំនូវសមិទ្ធផលទាំងនេះទុកប្រើប្រាស់ឲ្យបានយូរអង្វែង។

ជាមួយនេះ លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលអាស្រ័យការធ្វើដំណើរចេញចូលប្រចាំថ្ងៃ តភ្ជាប់ភូមិពូគង់ និងភូមិអូរច្រារ ឃុំស្រែព្រះ ឆ្ពោះទៅទីរួមស្រុកកែវសីមា ក្រុមការងាររបស់មន្ទីរ បានបញ្ចប់ការស្ថាបនាផ្លូវប្រវែង ១២ ០០០ ម៉ែត្រ (១២ គីឡូម៉ែត្រ) ទទឹងខ្នងលើទំហំ ៦ ម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រ។

ដោយឡែក អាជ្ញាធរឃុំស្រែព្រះ បានរៀបរាប់ថា កន្លងទៅនេះ ផ្លូវធ្វើដំណើរ ពីទីប្រជុំជនស្រុកកែវសីមា ឆ្ពោះទៅឃុំស្រែព្រះ ភូមិពូគង់ និងភូមិអូរច្រារ ជួបប្រទះផលលំបាកជាខ្លាំងក្នុងការធ្វើដំណើរ ដោយមានសភាពជង្ហុកធំៗ អូរកាត់ទទឹងផ្លូវ ដុំថ្មរដិបរដុប និងរអិល លំបាកគ្រប់មធ្យោបាយធ្វើដំណើរ។ កត្តាទាំងនេះ បានបង្កឲ្យពលរដ្ឋជួបបញ្ហាលំបាកពេលធ្វើដំណើរប្រកបរបរផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាសិស្សានុសិស្សពេលទៅសាលារៀន និងអ្នកជំងឺដែលត្រូវការទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ទន្ទឹមនោះ ប្រជាកសិករ ដែលពឹងផ្អែកក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ មានការខក ទៅមិនទាន់ពេលវេលាលក់នៅទីផ្សារ បណ្តាលឲ្យតម្លៃទំនិញមានការធ្លាក់ចុះ ប៉ះពាល់ជីវភាពរបស់ពួកគេផងដែរ។

ក្រោយស្ថាបនារួចរាល់ជាស្ថាពរ អាជ្ញាធរឃុំស្រែព្រះ បានអះអាងថា ពេលនេះ អ្នកភូមិមានការត្រេកអរសប្បាយរីករាយជាខ្លាំង ក្រោយផ្លូវបានស្ថាបនារួច ងាយស្រួលធ្វើចរាចរណ៍ទៅមក រីឯការប្រកបរបរនានា ក៏មានភាពងាយស្រួលផងដែរ៕
អត្ថបទ ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អភិបាលរាជធានី ៖ យើងត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បីដឹកពលរដ្ឋនិងពលករ ពីព្រំដែនថៃ