សេដ្ឋកិច្ច
កូនខ្មែរម្នាក់ ចេះបច្ចេកទេសដាំមើមឈូកជប៉ុន រកចំណូលខ្ទង់ពាន់ដុល្លារ
អតីតពលករខ្មែរ ធ្វើការនៅប្រទេសជប៉ុនម្នាក់ ក្រោយត្រឡប់មកស្រុកខ្មែរវិញ មានជំនាញបច្ចេកទេសដាំមើមឈូកជប៉ុន អាចរកប្រាក់ចំណូលបានចន្លោះពី ៥០០០ដុល្លារ ទៅ ៦០០០ដុល្លារ ក្នុងមួយខែ ដោយមិនទាន់ទូទាត់ពីថ្លៃចំណាយផ្សេងៗទៀត។

លោក ឡុង គន្ធា អាយុ២៩ឆ្នាំ ម្ចាស់កសិដ្ឋានមើមឈូកជប៉ុន (ខេ ធី) បានប្រាប់ កម្ពុជាថ្មី ថា លោកបានចេះជំនាញដាំឈូកជប៉ុននេះ តាំងពីលោកធ្វើការជាពលករនៅប្រទេសជប៉ុនកាលពី៨ឆ្នាំមុនមកម្ល៉េះ លុះដល់ឆ្នាំ២០១៩ ទើបត្រឡប់មកកម្ពុជាវិញ ដើម្បីបើកសិដ្ឋានដាំមើមឈូក នេះឡើងមកតាមក្ដីស្រមៃរបស់ខ្លួន។
គន្ធា បានបន្តទៀតថា សម្រាប់បច្ចេកទេសដាំមើមឈូកជប៉ុន វាគ្មានអ្វីខុសប្លែកពីការធ្វើស្រែចម្ការ របស់កសិករប៉ុន្មាននោះទេ ពោលគឺដំណាំប្រភេទនេះ ត្រូវការទឹកសម្រាប់ថែទាំ ដូចជាការដាំឈូកធម្មតារបស់កសិករខ្មែរយើង ផងដែរ។

ម្ចាស់កសិដ្ឋានវ័យក្មេង រូបនេះ បានបញ្ជាក់ទៀតថា កាលពី៨ឆ្នាំមុនដែលលោកបានធ្វើការនៅប្រទេសជប៉ុននោះ លោកបានឆ្លៀតពេលរៀនបណ្ដើរ ធ្វើការបណ្ដើរ និងអនុវត្តផ្ទាល់ទាក់ទងនឹងជំនាញបច្ចេកទេសដាំមើមឈូកជប៉ុន ដោយលោកដាក់ផែនការអនាគត ពេលត្រឡប់មកស្រុកខ្មែរវិញ នឹងរៀបចំបើកកសិដ្ឋានដាំមើមឈូក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងគ្រោងនាំចេញទៅក្រៅប្រទេសតាមអ្វីដែលអាចធ្វើទៅបាន។
គិតមកទល់សព្វថ្ងៃនេះ គន្ធា បានក្លាយជាម្ចាស់កសិដ្ឋានមើមឈូក ខេ ធី ដែលកំពុងតែជោគជ័យខ្លាំង ក្នុងការដាំមើមឈូក និងបន្តពង្រីកផ្ទៃដីដាំដុះបានប្រមាណជាង ២ ហិកតា។

បច្ចុប្បន្ន កសិដ្ឋានដាំមើមឈូកជប៉ុននេះ ស្ថិតនៅភូមិព្រៃចំការ ឃុំស្មោងខាងត្បូង ស្រុកកំចារមារ ខេត្តព្រៃវែង ដោយទទួលបានទិន្នផលក្នុងមួយហិកតា បានប្រមាណ ១៥ តោន ទៅ ២៥ តោន ជារៀងរាល់ឆ្នាំ។
លោក ឡុង គន្ធា បានឱ្យដឹងបន្ថែមទៀតថា ជាមធ្យមនៅក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ ប្រហែលជាង ៥០ គីឡូក្រាម ក្នុង ១គីឡូក្រាមមានតម្លៃ ១ម៉ឺនរៀលជាប្រចាំថ្ងៃ និងបើគិតជាប្រចាំខែវិញ លោកអាចរកចំណូលចេញពីរបរកសិកម្មមួយនេះ ចន្លោះពី ៥០០០ដុល្លារ ទៅ៦០០០ដុល្លារ ដោយមិនទាន់ទូទាត់់ទៅលើការចំណាយផ្សេងៗ ក្នុងកសិដ្ឋានទាំងមូល។ នេះបើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋាន។

បើតាម លោក គន្ធា មើមឈូកនេះ ជាប្រភេទបន្លែធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងអាចយកទៅកែច្នៃធ្វើជាម្ហូបបានជាច្រើនទម្រង់ដូចជា ស្ងោរស៊ុប ឆា បំពង ជាពិសេសអាចយកក្រឡុកធ្វើភេសជ្ជៈផ្សេងៗទៀត បានផងដែរ។
គួរបញ្ជាក់ដែរថា មើមឈូកជប៉ុន គឺជាបន្លែមួយប្រភេទ ដែលជួយដល់សុខភាព សម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា៖ ពពួកវីតាមីន B វីតាមីន C ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូម ជាដើម៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


