សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទីផ្សារ និងតម្លៃជ័រកៅស៊ូរបស់កម្ពុជា មានភាពល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយតម្លៃជ័រកៅស៊ូជាមធ្យមអាចលក់បានជិត ២ ពាន់ដុល្លារ (១៩៧១ ដុល្លារ) ក្នុងមួយតោន បានកើនឡើង ៦៣៤ ដុល្លារ ក្នុងមួយតោន ស្មើននឹង ៤៧% ធៀបនឹងឆ្នាំ ២០២៣។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារតែស្ថានភាពអាកាសធាតុ។
លោក ម៉ែន សុភក្តិលើកឡើងថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយមានការធ្លាក់ភ្លៀងរំខានទៅលើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។
ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។
យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


