ព័ត៌មានជាតិ
ការមកដល់នៃភ្ញៀវទេសចរតាមផ្លូវអាកាសមានជាង ៣,៥ លាននាក់ ក្នុងឆមាសទី១ កើនឡើង ជាង ១៦%
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថាបានឱ្យ«កម្ពុជាថ្មី»ដឹងថា នៅក្នុងឆមាសទី១ឆ្នាំ២០២៥នេះ ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវអាកាសនៃអាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ)មានជាង ៣,៥ លាននាក់ ក្នុងឆមាសទី១ កើនឡើង ជាង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ចាន់សិរីវុត្ថា បានថ្លែងបញ្ជាក់ទៀតថា គិតចាប់ពី ខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល ៦ខែ) ស្ថានភាពវិស័យដឹកជញ្ជូន តាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ/ PNH-SAI-KOS) មាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣ ម៉ឺនជើង (៣២,៣៧៩ ជើង) មានការកើនឡើងជិត ១៣% បើធៀបទៅនឹងរយៈពេល ០៦ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
សម្រាប់អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣.៥ លាននាក់ (៣,៥២៨,៧៣៧ នាក់) មានការកើនឡើងជាង ១៦% បើធៀបទៅនឹងរយៈពេល ០៦ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ទោះបីជាបញ្ហាស្ថានភាពសេដ្ឋកិច្ច និងការអូសបន្លាយពេលនៃជម្លោះព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងថ្មីបញ្ហាប្រឈមមុខដាក់គ្នានៃជំលោះព្រំដែនកម្ពុជា-ថៃ ក៏ស្ថានភាពនៃអ្នកដំណើរតាមផ្លូវអាកាសនៅរក្សាបាននូវកំណើនមួយគួរឱ្យកត់សម្គាល់នាឆមាសកន្លងមកនេះ។

លោកថា៖«ប្រសិនបើយើងគិតទៅដល់ដែនអាកាស យើងដឹងហើយថា ដែនអាកាស គឺជាអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដូច្នេះរាល់ការហោះហើរគឺត្រូវតែគោរព និងអនុវត្តនូវរាល់លក្ខខណ្ឌតម្រូវរបស់អន្តរជាតិ ហើយប្រសិនបើតំបន់នោះមានការប្រយុទ្ធគ្នាតាមផ្លូវអាកាស ឬក៏បាញ់បោះដាក់គ្នានោះ យើងត្រូវតែប្តូរទិសការហោះហើរពីតំបន់នោះទៅកន្លែងផ្សេង។ ដូច្នេះប្រសិនមានបញ្ហាអ្វីកើតឡើង យើងអាចប្តូរជើងហោះហើរទៅផ្លូវផ្សេងវិញបាន គ្រាន់តែត្រូវចំណាយពេលវេលាយូរជាង ប៉ុន្តែរហូតមកដល់ពេលនេះអ្វីៗនៅមិនទាន់មានការប្រែប្រួល គឺនៅរក្សាស្ថានភាពដើមទាំងអស់»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា «អាជ្ញាធររបស់យើង ក៏ដូចជាអាកាសចរណ៍ស៊ីវិល ក៏បានធ្វើការតាមដាន គិតគូរ និងពិភាក្សាយ៉ាងហ្មត់ចត់ចំពោះស្ថានភាពព្រំដែននេះ ដូច្នេះប្រសិនមានអ្វីកើត យើងនិងមានផែនការរួចជាស្រេចដើម្បីដោះស្រាយលើបញ្ហាដែលកើតឡើង ព្រោះជាទូទៅ គឺយើងត្រូវតែគោរពតាមវិធានរបស់អន្តរជាតិ ដោយគេមានរបៀបណែនាំស្តីពីទំនាស់ព្រំដែន ឬនៅតំបន់ដែលមានទំនាស់ជាមួយគ្នា»។

លោកថា បើទោះបីជាកន្លងមកថ្មីៗនេះ បញ្ហាជម្លោះអ៊ីរ៉ង និងអ៊ីស្រាអែល ក៏មានបិទដែនអាកាសទាំងអស់នោះដែរ គឺកម្រិតយកផ្លូវហោះហើរវាងដែនអាកាសទាំងអស់នោះ មកកាត់តាមប្រទេសតួកគីវិញ គ្រាន់តែត្រូវចំណាយពេលយូរជាង និងចំណាយថវិកាច្រើនជាង ដោយបញ្ហាប្រឈមអាចមានផលប៉ះពាល់ទី១ ដល់តម្លៃ អាចនឹងមានការឡើងថ្លៃ ទី២ អាចប៉ះពាល់ដល់ការហោះហើរយូរជាង ឬអាចមានការយ៉ើតយ៉ាវ ឬក៏អាចមានការលុបចោលជើងហោះហើរដោយសារប្រការផ្សេងៗ។
ជាមួយគ្នានោះដែរ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣ ម៉ឺនតោន (៣៦,៩៣២ តោន) មានការកើនឡើងជាង ៦% បើធៀបទៅនឹងរយៈពេល ០៦ ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


