សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សថ្មី ២ របស់តួកគី និងអេមីរ៉ាត់អារ៉ាប់រួម តភ្ជាប់ជើងហោះហើរមកព្រលានអន្តរជាតិតេជោ
ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) និងក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងបើកជើងហោះហើរមករាជធានីភ្នំពេញ បន្ទាប់ពីការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកចំនួន ៣២ កំពុងដំណើរការ ហើយនៅចំពោះមុខមានក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សចំនួន ២ បន្ថែមទៀត គឺក្រុមហ៊ុនអាកាសចរណ៍តួកគី និងក្រុមហ៊ុន Etihad Airways របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងហោះហើរមកកម្ពុជាបន្ទាប់ពីការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ហើយលោកសង្ឃឹមថានឹងមានក្រុមហ៊ុនខ្នាតយក្សថ្មីៗបន្ថែមទៀតហោះហើរមកកម្ពុជា។
លោក ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រៀមយន្តហោះប្រភេទ Airbus ៣២០ សាកល្បងហោះហើរនៅថ្ងៃទី ១៥ ខែសីហានេះ ដើម្បីត្រៀមបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។
លោក ម៉ៅ ហាវណ្ណាល់ យល់ឃើញថា៖«ទៅថ្ងៃមុខ ដោយសារព្រលានរបស់យើងក្លាយទៅជាខ្នាត 4F វាអាចហោះហើរផ្លូវឆ្ងាយ រយៈពេលយូរពីតំបន់ និងទ្វីបផ្សេងៗ មកត្រង់តែម្ដង»។

គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F មានផ្ទៃដីទំហំ ២ ពាន់ ៦០០ ហិកតា មាន ៣ ដំណាក់កាល ដំណាក់កាលទី១ តម្លៃ ២ ពាន់លានដុល្លារបានបញ្ចប់ការសាងសង់ទាំងស្រុង នឹងត្រៀមបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលអាចដឹកអ្នកដំណើរ ១៣ លាននាក់។
ដំណាក់កាលទី២ នឹងទទួលអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ នៅឆ្នាំ ២០៥០ នឹងទទួលអ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសជាង ៣,៦ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ នៅក្នុងឆ្នាំ ២០២៥នេះ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


