ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃធំៗនៅកម្ពុជារំពឹងថា ពហិការលើទំនិញថៃនឹងរលត់ទៅវិញ
ក្រុមហ៊ុនអាជីវកម្មថៃធំៗដែលមានប្រតិបត្តិការនៅកម្ពុជា បានរំពឹងថា ពហិការលើទំនិញ ឬសេវាកម្មថៃពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា នឹងរលត់បានទៅវិញនាពេលខាងមុខ យូរឬឆាប់ ជាពិសេសនៅពេលភាពតានតឹងព្រំដែនបានស្រាកស្រាន្ត។

ការលើកឡើងបែបនេះ កាលពីពេលថ្មីៗ ធ្វើឡើងចំពេលដែលចលនាធ្វើពហិការលើទំនិញថៃផ្ទុះឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្រោយសង្រ្គាមឈ្លានពានរបស់ថៃរយៈពេល ៥ ថ្ងៃ កាលពីចុងខែកក្កដា។ អ្នកប្រើប្រាស់កម្ពុជាជឿជាក់ថា ជម្រើសមិនប្រើទំនិញថៃរបស់ខ្លួន នឹងជួយជំរុញផលិតកម្មក្នុងស្រុក ខណៈប្រកាន់ការយល់ឃើញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនថៃ រួមចំណែកដល់ការធ្វើទំនើបកម្មយោធារបស់យោធាថៃ។
អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT OR (PTT Oil and Retail Business Public Limited) លោកស្រី Wilaiwan Kanjanakanti បានថ្លែងថា៖ «យើងកំពុងតាមដានស្ថានការណ៍ ហើយរំពឹងថា វានឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។ នៅពេលដែលស្ថានភាពប្រសើរឡើង យើងនឹងវាយតម្លៃឡើងវិញ និងពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសម្រង់សម្ដីរបស់កាសែត The Nation ក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រីបានថ្លែងយ៉ាងដូច្នេះ ក្រោយលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ករលកស្នេហាជាតិក្នុងចំណោមអតិថិជនខ្មែរ រហូតឈានដល់ការធ្វើពហិការមិនប្រើរបស់ថៃ រួមទាំងប្រេង PTT និងកាហ្វេអាម៉ាហ្សូន។ យ៉ាងណាមិញ លោកស្រី Wilaiwan បានឱ្យដឹងថា ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន OR នៅកម្ពុជាក្នុងឆមាសទី១នៃឆ្នាំនេះ នៅតែមានភាពរឹងមាំ ទាំងនៅថៃ និងកម្ពុជា ប៉ុន្តែប្រតិបត្តិការនៅកម្ពុជាអាចនឹងចុះខ្សោយនៅឆមាសទី២ ជាពិសេសត្រីមាសទី៣ ដោយសារតែការលក់ធ្លាក់ចុះ ក្នុងបរិបទពហិការ។

ស្រដៀងគ្នានឹងក្រុមហ៊ុន PTT ដែរ មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានសម្ដែងសុទិដ្ឋិយមថា រលកពហិការនឹងរលត់បាត់ទៅវិញបន្តិចម្ដងៗក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
កាសែត The Nation បានស្រង់សម្ដីនាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន ខារ៉ាបាវ គ្រុប (Carabao Group) ដោយមិនបញ្ចេញឈ្មោះ កាលពីសប្ដាហ៍មុនថា៖ «ទំនិញ និងម៉ាកយីហោថៃ អាចប្រឈមមុខនឹងបញ្ហាមួយចំនួន ប៉ុន្តែយើងជឿជាក់ថា វានឹងមានរយៈពេលខ្លី»។
មន្រ្តីដដែលបានបន្តទៀតយ៉ាងដូច្នេះថា៖ «ទំនុកចិត្តបែបអារម្មណ៍ក្នុងប្រទេសកម្ពុជា នៅតែបន្ត ប៉ុន្តែក្នុងរយៈពេលពី ៦-១២ ខែខាងមុខ យើងសង្ឃឹមថា ស្ថានការណ៍នឹងវិលត្រឡប់ទៅប្រក្រតីវិញ ដោយសារតែប្រជាជនកម្ពុជាចូលចិត្តទំនិញថៃខ្លាំង ដូចដែលថៃស្រឡាញ់ចូលចិត្តទំនិញជប៉ុន»។
The Nation បានចុះផ្សាយទៀតថា ខណៈក្រុមហ៊ុនថៃផ្អាកសកម្មភាពធ្វើទីផ្សារ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ផលិតផលថៃនៅតែមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់កម្ពុជា ដោយសារតែគុណភាព និងកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ ទោះបីជាមន្រ្តីជំនាញទីផ្សារថៃខ្លះ ព្រួយបារម្ភពីការបាត់បង់ទីផ្សារឱ្យទំនិញពីប្រទេសផ្សេងៗដូចជាវៀតណាម ចិន ឬម៉ាឡេស៊ី ក៏ដោយ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


