ទំនាក់ទំនងស្នេហាគូស្នេហ៍ទាំងពីរនៅតែមិនព្រមបើកចំហ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៤ បានគេប្រទះឃើញ Amber Heard ពាក់ចិញ្ចៀនភ្ជាប់ពាក្យ ពេលពួកគេដើរចាកចេញពីភោជនីយដ្ឋានមួយនៅ West Hollywood ។ ៤ថ្ងៃក្រោយមក ទើបប្រព័ន្ធផ្សព្វផ្សាយនានា បញ្ជាក់ពីការភ្ជាប់ពាក្យរបស់គូស្នេហ៍នេះ។
ក្រោយប្រកាសចំណងស្នេហ៍ជាសាធារណៈ ទើប Johnny និង Amber ទម្លាយថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែមីនាមកម្ល៉េះ ដោយបានអញ្ជើញភ្ញៀវប្រមាណ ១០០នាក់ ដើម្បីអបអរពួកគេ។ ទោះយ៉ាងណា ក្នុងខែធ្នូ ឆ្នាំដដែលនោះ ប្រភពមួយប្រាប់កាសែត The PEOPLE ថា ទំនាក់ទំនង Johnny និង Amber កំពុងជួបនូវភាពចម្រូងចម្រាសយ៉ាងខ្លាំង សឹងមិនអាចបន្តទៅមុខ ខណៈសាមីខ្លួនទាំងពីរ មិនមាននរណាចេញមុខមកបកស្រាយអ្វីឡើយ។
មិនបាន១ខែផង ក្រោយព័ត៌មានចចាមអារ៉ាមអំពីទំនាក់ទំនងរកាំរកូសស្ងប់ស្ងាត់បន្តិច នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ តារាសម្ដែង Johnny និង Amber បានបណ្ដើរគ្នាយ៉ាងស្អិតរមួតចូលរួមកម្រាលព្រំក្រហម នៅឯកម្មវិធី Art of Elysian’s Heaven Gala ប្រចាំឆ្នាំ លើកទី៨។
ព័ត៌មានមិនល្អនានាហាក់កន្លងផុតទៅ មកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ Johnny និង Amber បានចុះអេតាស៊ីវិលជាមួយគ្នានៅឯវិមាន Los Angeles និងបានក្លាយជាលោក និងលោកស្រី Depp ជាផ្លូវការ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានប្រារព្ធពិធីមង្គលការដ៏អ៊ឹកអាធឹមមួយនៅលើកោះឯកជនរបស់ Johnny ក្នុងប្រទេសបាហាម៉ា (Bahamas)។
ក្រោយរៀបការប៉ុន្មានខែ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ប្ដីប្រពន្ធ Depp បានបណ្ដើរគ្នា នៅលើកម្រាលព្រំក្រហមម្តងទៀត នៅឯមហោស្រពភាពយន្ត Toronto សម្រាប់ការបញ្ចាំងភាពយន្តចុងក្រោយបង្អស់របស់ Johnny ដែលមានចំណងជើងថា “Black Mass” ។