Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជិតខាងកម្ពុជា សុទ្ធតែរងគ្រោះធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ ដ៏កាចសាហាវ

បានផុស

នៅ

ប្រទេសជិតខាងកម្ពុជាគឺថៃនិងវៀតណាម កំពុងរងទុក្ខធ្ងន់ដោយសារតែការវាយប្រហារពីគ្រោះធម្មជាតិជាពិសេសទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេសថៃ ចំណែកវៀតណាមឯណោះ ដ្បិតទឹកជំនន់ហាក់ធូរស្រាលបានបន្តិចមែន ប៉ុន្តែព្យុះថ្មីកំពុលរំកិលខ្លួនមកដល់ទៀតនៅពាក់កណ្តាលសប្តាហ៍នេះ។ 

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

+ប្រទេសថៃ

ទឹកជំនន់បានវាយប្រហារខេត្តចំនួន១៧ទូទាំងប្រទេស ខណៈភាគខាងត្បូងរងគ្រោះខ្លាំងជាងគេ ដោយគិតត្រឹមថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់។

បន្ថែមពីលើនោះ នៅភាគខាងត្បូង ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ រីឯផ្ទៃដី៣ ៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

មិនត្រឹមប៉ុណ្ណឹង ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ។

វាជាគ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ។

+ប្រទេសវៀតណាម

យោងតាមតួលេខចុងក្រោយ មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅវៀតណាម បានកើនដល់៩១នាក់ហើយ ខណៈមានច្រើននាក់ទៀតកំពុងបាត់ខ្លួន។

ផ្ទះ ២០២ ៥៦៧ខ្នងត្រូវទឹកជន់លិច, ៣០៨ខ្នងបាក់រលំនិង ១ ១៥៩ខ្នងខូចខាតនៅខេត្តភាគកណ្តាលដូចជា Dak Lak, Gia Lai, Khanh Hoa និង Lam Dong។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

លើសពីនេះ ផ្ទៃដីដាំដុះស្រូវនិងដំណាំត្រូវខូចខាតចំនួន ៨២ ៤១៤ ហិកតា ហើយដំណាំដទៃទៀត ១៤៧ ០៦៥ ហិកតា ត្រូវរងផលប៉ះពាល់។

ម្យ៉ាងវិញទៀត សត្វចិញ្ចឹមនិងបក្សី ១ ៧៣០ ៩៨៣ ក្បាល បានងាប់ ឬត្រូវទឹកហូរកួចយកទៅបាត់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ វារីវប្បកម្មក៏រងផលប៉ះពាល់ផងដែរ ពោលគឺទីតាំងវារីវប្បកម្ម ១ ៣០៧ ហិកតា ត្រូវបានខូចខាត។

និយាយពីផ្នែកសេដ្ឋកិច្ចវិញ ក្រសួងបរិស្ថានវៀតណាមប៉ាន់ស្មានថា ការខូចខាតដែលទាក់ទងនឹងទឹកជំនន់នៅទូទាំងខេត្តដែលរងផលប៉ះពាល់មានប្រហែល ៩ ០០០ ពាន់លានដុង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម