Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ចូលដៃជាមួយអាមេរិក បើកប្រតិបត្តិការរឹបអូស នាវាដឹកប្រេងរុស្ស៊ី

បានផុស

នៅ

ស្ថានការណ៍ពិភពលោកកាន់តែក្តៅឡើងមួយកម្រិតទៀតហើយ ខណៈចក្រភពអង់គ្លេស បញ្ជាក់ពីការចូលដៃជាមួយកងទ័ពអាមេរិក ក្នុងការរឹបអូសនាវាដឹកប្រេងរុស្ស៊ី។

នាវាដឹកប្រេង Marinera ត្រូវគេមើលឃើញពីចម្ងាយ (រូបថត៖ Reuters)

តាមការផ្សាយរបស់ RT ដោយដកស្រង់សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ, នាវាដឹកប្រេង Marinera ឬមានឈ្មោះពីមុនថា Bella 1 ត្រូវបានរឹបអូសនៅក្នុងដែនទឹកក្បែរប្រទេសស្កុតឡែន ព្រោះវាបានបំពានទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិក បានរឹបអូសនាវានោះ ព្រោះតែវាព្យាយាមគេចពីទណ្ឌកម្ម ហើយដឹកប្រេងឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។

ក្រោយមកនៅថ្ងៃពុធទី៧ខែមករាឆ្នាំ២០២៦ ចក្រភពអង់គ្លេស បានចេញមុខអះអាងថា ខ្លួនក៏ជួយដល់យោធាអាមេរិក ដើម្បីធ្វើប្រតិបត្តិការ រឹបអូសយកនាវានេះដែរ។

អង់គ្លេសបានចេញសេចក្តីថ្លែងការណ៍ថា៖ «កងកម្លាំងប្រដាប់អាវុធនៃចក្រភពអង់គ្លេសរបស់យើង បានបង្ហាញនូវជំនាញ និងវិជ្ជាជីវៈខ្ពស់ ក្នុងការជួយគាំទ្រដល់សហរដ្ឋអាមេរិក ដើម្បីស្ទាក់ចាប់នាវា Bella 1 បានសម្រេច ក្នុងខណៈពេលដែលនាវានោះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបង្ក្រាបរាល់សកម្មភាពបំពានលើទណ្ឌកម្ម»។

នាវាដឹកប្រេង Marinera ត្រូវគេមើលឃើញពីចម្ងាយ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានប្រតិកម្មទៅរឿងនេះ ដោយបញ្ជាក់ថា នាវាទទួលបានលិខិតអនុញ្ញាតបណ្ដោះអាសន្នឲ្យដោតទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែធ្នូ។ ជាក់ស្តែង សហរដ្ឋអាមេរិក បានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ។

សូមជម្រាបថា តាមពិតទៅ នាវាដឹកប្រេងនេះ បានក្លាយជាប្រធានបទដែលអន្តរជាតិតាមដានមិនដាច់តាំងពីចុងឆ្នាំមុនមកម្ល៉េះ នៅពេលយោធាអាមេរិកដាក់វាជាគោលដៅ ដោយចោទថា វាបានធ្វើដំណើរចូលទៅជិតប្រទេសវ៉េណេស៊ុយអេឡា។

ពេលនោះ ក្រុមនាវិកបានបដិសេធអនុញ្ញាតឲ្យឆ្មាំសមុទ្រអាមេរិកឡើងលើនាវា រួចក៏បើកសំដៅទៅកាន់មហាសមុទ្រអាត្លង់ទិកវិញ ដោយមានកងកម្លាំងអាមេរិកដេញតាមពីក្រោយ។ ក្នុងអំឡុងពេលនៃការដេញតាមនោះ នាវានេះបានផ្លាស់ប្តូរទាំងឈ្មោះ និងទង់ជាតិរបស់ខ្លួនថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម